ព័ត៌មានសុខភាព

ពិតទេ ស៊ុតគឺសត្រូវរបស់អ្នកជំងឺទឹកនោមផ្អែម?

ស៊ុត ត្រូវបានគេចាត់ទុកជាអាហារដ៏មានតម្លៃបំផុតសម្រាប់សុខភាព ព្រោះវាផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលរាងកាយត្រូវការជាចាំបាច់។ ប៉ុន្តែ តើអ្នកជំងឺទឹកនោមផ្អែម អាចទទួលទានស៊ុតបានដែរឬទេ? បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញនៅសាកវិទ្យាល័យ ស៊ីដនី បានរកឃើញថា ការទទួលទានស៊ុត មិនបង្កគ្រោះថ្នាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែម នោះទេ។

នៅក្នុងការស្រាវជ្រាវ អ្នកជំនាញបានធ្វើការសាកល្បងទៅលើអ្នកជំងឺទឹកនោមផ្អែម ចំនួន ១២៨នាក់ ដោយបែងចែកជាពីរក្រុម ក្នុងទីមួយទទួលស៊ុត ១២គ្រាប់ក្នុងមួយសប្តាហ៍ និងក្រុមទី២ទទួលទានស៊ុត ២គ្រាប់ក្នុងមួយសប្តាហ៍។

ពួកគេបានតាមដានអ្នកជំងឺទាំងនេះរយៈពេល ១២ខែ លទ្ធផលបានបង្ហាញថា មិនមានភាពខុសគ្នាខ្លាំងចំពោះសន្ទស្សន៍កូលេស្តេរ៉ុលអាក្រក់ ឬកម្រិតជាតិស្ករក្នុងឈាម របស់ក្រុមអ្នកជំងឺទាំងពីរនេះឡើយ។ លើសពីនេះទៅទៀត ការប្រើប្រាស់ស៊ុត ខុសគ្នាក៏មិនបង្កផលប៉ះពាល់ដល់ការឡើងទម្ងន់ផងដែរ។
ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Campania ប្រទេសអ៊ីតាលី បានលើកឡើងថា ការបរិភោគស៊ុតច្រើនពេកនៅពេលព្រឹក ប្រឈមនឹងហានិភ័យនៃជំងឺសរសៃឈាមបេះដូង ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។

ទន្ទឹមនឹងនេះ សមាគមន៍ជំងឺទឹកនោមផ្អែម អ៊ីតាលី បានផ្តល់ដំបូន្មានដល់អ្នកជំងឺទាំងអស់ ឲ្យទទួលទានស៊ុតស្ងោរមួយថ្ងៃមួយគ្រាប់ ហើយប្រសិនបើចង់ចៀន គួរតែប្រើប្រេងអូលីវសុទ្ធ ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព៕

ដកស្រង់ពី​​​​​​​​​៖ soha

មតិយោបល់