ព័ត៌មានសុខភាព

ញ៉ាំស្ទើររាល់ថ្ងៃ តែអត់ដឹងថាស៊ុត អាចបន្ថយហានិភ័យជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ការសិក្សាចុងក្រោយបំផុត ដោយអ្នកវិទ្យាសាស្ត្រអង់គ្លេស និងចិន បានរកឃើញថា ការទទួលទានស៊ុត ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ការសិក្សានេះបានធ្វើឡើងទៅលើមនុស្សពេញវ័យជាង ៤០០,០០០នាក់ នៅក្នុងប្រទេសចិន បង្ហាញថា អ្នកអ្នកទទួលទានស៊ុត អាចកាត់បន្ថយហានភ័យនៃជំងឺសរសៃឈាមបេះដូង ច្រើនជាងអ្នកមិនទទួលទាន រហូតដល់ទៅ ១៨ភាគរយ។ ជំងឺសរសៃឈាមរួមមាន ខ្សោយបេះដូង ចង្វាក់បេះដូងលោតខុសប្រក្រតី គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

អ្នកជំនាញបានបន្ថែមទៀតថា ការទទួលទានស៊ុត មួយថ្ងៃ១គ្រាប់ អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល២៦ភាគរយ បញ្ហារាំងស្ទះលំហូរឈាម២៨ភាគរយ និងគាំងបេះដូង ១៨ភាគរយ។ លើសពីនេះ ការទទួលទានស៊ុតជាប្រចាំ ក៏អាចកាត់បន្ថយជំងឺខ្វះឈាមក្រហមបានដែរ បើធៀបទៅនឹងអ្នកញ៉ាំតិចតួច ឬមិនញ៉ាំសោះ។

ទោះជាយ៉ាងណា ស៊ុត ក៏មានផ្ទុកកូលេស្តេរ៉ុលដែលបង្កឲ្យប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើអ្នកទទួលទានលើសកម្រិត។ យកល្អអ្នកគួរតែទទួលទានស៊ុត ក្នុងកម្រិតមធ្យមត្រឹមតែ១គ្រាប់ ក្នុងថ្ងៃគឺគ្រប់គ្រាន់ណាស់ទៅហើយ៕

ដកស្រង់ពី៖ soha

មតិយោបល់