ព័ត៌មានសុខភាព

ដឹងពីប្រភេទអាហារ ដែលអ្នកគួរតមនៅពេលឈឺក្រពះ

ជំងឺក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅ ដែលមានការរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ភាគច្រើនជំងឺក្រពះកើតឡើងដោយសារតែការឆ្លងមេរោគ Helicobacter pylori ការប្រើប្រាស់ថ្នាំច្រើនពេក មានវិបត្តិផ្លូវចិត្ត និងរាងកាយគ្មានផាសុខភាពជាដើម។

លើសពីនេះទៅទៀត ការទទួលទានអាហារមិនល្អ ក៏ជាកត្តាសំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺក្រពះដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកមានជំងឺឈឺក្រពះគួរតែជៀសវាង៖

អាហារហឹរ
បន្ទាប់ពីទទួលទានអាហារហឹរ អ្នកអាចមានអារម្មណ៍ចង្អោរ ចង់ក្អួត ឬរាគ។ ប្រសិនបើអ្នកមានបញ្ហាក្រពះ ចូរជៀសវាងប្រភេទអាហារហឹរ ដើម្បីកុំឲ្យប្រព័ន្ធរំលាយអាហារមានការរំញោច និងបង្កទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរ។

អាហារសម្បូរខ្លាញ់
អាហារសម្បូរខ្លាញ់ អាចបណ្តោលឲ្យរលាកបំពង់រំលាយអាហារ ដែលអាចកាត់បន្ថយការរំលាយអាហារ និងបង្កឲ្យកើតមានបញ្ហាទល់លាមក។ លើសពីនេះ វាក៏អាចរលាកក្រពះពោះវៀន ដែលធ្វើឲ្យកើតមានអាការរាគរូស។ ដូច្នេះ អ្នកដែលកំពុងតែកើតជំងឺក្រពះ គួរតែជៀសវាងអាហារសម្បូរខ្លាញ់ឲ្យបាន។
ជាតិអាល់កុល

ជាតិអាល់កុលមិនត្រឹមតែបំផ្លាញសរីរាង្គថ្លើម ប៉ុណ្ណោះទេ សូម្បីតែក្រពះក៏រងនូវការរលាកផងដែរ។ នេះហើយជាហេតុផលមួយទៀត ដែលអ្នកជំងឺឈឺក្រពះគួរតែជៀសវាងឲ្យឆ្ងាយ។

ជាតិកាហ្វេអ៊ីន
ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន អាចបណ្តោលឲ្យរលោកក្រពះពោះវៀន ប្រសិនបើអ្នកផឹកច្រើនពេក។ អាហារដែលមានជាតិកាហ្វេអ៊ីន មានដូចជា កាហ្វេ តែ ស្ករសូកូឡា និងភេសជ្ជៈមួយចំនួនទៀត។

អាហារផ្អែម និងប្រៃ
ការទទួលទានអាហារផ្អែមពេក ឬប្រៃពេក អាចបណ្តោលឲ្យមានអាការក្រហាយទ្រូង និងធ្វើឲ្យពិបាកក្នុងការរំលាយអាហារ។

អាហារក្តៅ ឬត្រជាក់ពេក
អាហារពីរប្រភេទនេះ អាចបង្កឲ្យប៉ះពាល់ដល់ការបញ្ចេញជាតិអាស៊ីតក្នុងក្រពះ និងអង់ស៊ីម ហើយទីបំផុតប្រព័ន្ធរំលាយអាហារដំណើរការមិនបានត្រឹមត្រូវ។
អាស្រ័យហេតុនេះ អ្នកគួរតែកំណត់ការទទួលទានអាហារទាំងអស់នៅខាងលើនេះឲ្យបានត្រឹមត្រូវ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ៕

ដកស្រង់ពី៖ soha

មតិយោបល់