ការអង្គុយអស់រយៈពេលច្រើនម៉ោង ដោយមិនធ្វើអ្វីសោះ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ បើយោងតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត James បានបង្ហាញថា នៅពេលដែលអ្នកអង្គុយ ឬឈរយូរពេក ប្រតិកម្មម៉ូលេគុលនឹងកើតមានឡើង។
ឧទាហរណ៍ នៅពេលអ្នកអង្គុយអស់រយៈពេល ៩០វិនាទី ហើយងើបដើរម្តង ប្រព័ន្ធសាច់ដុំ, កោសិកា ក៏ដូចជាគ្លុយកូសក្នុងឈាម, ទ្រីគ្លីសេរីន, កូឡេស្តេរ៉ុល នឹងចាប់ផ្តើមសកម្មឡើង។ វិធីនេះជួយផ្គត់ផ្គង់ដល់កោសិកា ហើយប្រសិនបើបានធ្វើបែបនេះឲ្យបានទៀងទាត់ អាចកាត់បន្ថយគ្រោះថ្នាក់ពីជំងឺទឹកនោមផ្អែម និងដុះក្បាលពោះ។
សរុបមកវិញ កម្រិតម៉ូលេគុលក្នុងរាងកាយត្រូវបានបង្កើតឡើង ដើម្បីប្រតិបត្តិ និងផ្លាស់ទី។ នៅពេលអ្នកមិនធ្វើចលនាអស់រយៈពេលយូរ រាងកាយនឹងស្ពឹកស្រពន់ ហើយអាចប្រឈមនឹងជំងឺផ្សេងៗជាច្រើន។
បញ្ហាបេះដូង
នៅពេលអ្នកអង្គុយយូរពេក ចរាចរណ៍ឈាម និងចំហេះជាតិខ្លាញ់ដើរយឺត, ធ្វើឲ្យវាងាយនឹងស្ទះអាស៊ីតខ្លាញ់នៅក្នុងប្រព័ន្ធសរសៃឈាមបេះដូង។
តាមការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ សហរដ្ឋអាមេរិក បានបង្ហាញថា ស្ត្រីដែលអង្គុយច្រើនជាង ១០ម៉ោងក្នុង ១ថ្ងៃ អាចងាយនឹងគ្រោះថ្នាក់ ដោយសារជំងឺបេះដូងច្រើនជាងអ្នកដែលអង្គុយតិចជាង ៥ម៉ោង។
កើតជំងឺទឹកនោមផ្អែម
នៅពេលដែលអ្នកអង្គុយអស់រយៈពេលយូរ វានឹងប៉ះពាល់ដល់សមត្ថភាពការផលិតអាំងស៊ុយលីនក្នុងរាងកាយ ព្រោះលំពែងនឹងបង្កើនការផលិតអាំងស៊ុយលីនកាន់តែច្រើនឡើង បណ្តាលឲ្យកើតជាជំងឺទឹកនោមផ្អែម។
ការស្រាវជ្រាវក្នុងទស្សនាវដ្តីក៏បានបង្ហាញទៀតថា ការអង្គុយច្រើនជាង ៨ម៉ោងក្នុង ១ថ្ងៃ អាច ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ ៩០%។
ឈឺក្បាល, ក, ខ្នង
អ្នកដែលធ្វើការក្នុងការិយាល័យ ត្រូវអង្គុយយូរៗនៅនឹងមួយកន្លែង តែងតែមានអាការៈដូចជា៖ ឈឺក, ក្រិចក, ឈឺស្មា, រឹងក, ឈឺក្បាល, វិលមុខ…។
លើសពីនេះទៀត វាក៏អាចបំផ្លាញសរសៃប្រសាទក្នុងឆ្អឹងខ្នង ឬសរសៃឈាមឆ្អឹងខ្នង ដែលបណ្តាលឲ្យកើតជំងឺឈឺចាប់ដូចជា ឈឺឆ្អឹងខ្នង, ក្លនលូន, ចរាចរណ៍បញ្ជូនឈាមទៅឲ្យខួរក្បាលមិនបានគ្រប់គ្រាន់។
ឡើងទម្ងន់
នៅពេលអ្នកចំណាយពេលវេលាអង្គុយតែក្នុងការិយាល័យ សាច់ដុំនឹងបញ្ចេញម៉ូលេគុលដូចជា ប្រូតេអ៊ីន, ជាតិខ្លាញ់…ធ្វើឲ្យកាត់បន្ថយ និងការកើនឡើងនៃបញ្ហាការរំលាយអាហារ បើទោះបីជាអ្នកធ្វើលំហាត់ប្រាណបានទៀងទាត់ក៏ដោយ។
ការស្រាវជ្រាវមួយបានរកឃើញថា បុរសដែលអង្គុយយូរងាយនឹងដុះក្បាលពោះ ព្រោះវាជាកន្លែងផ្ទុកជាតិខ្លាញ់ក្នុងរាងកាយ។
មានបញ្ហាប្រព័ន្ធរំលាយអាហារ
កង្វះលំហាត់ប្រាណ រាងកាយរបស់អ្នកនឹងមានបញ្ហាដូចជា ខ្សោយក្រពះ, ការផលិតទឹករំលាយអាហារក៏ចុះខ្សោយផងដែរ។ យូរៗទៅ វានឹងធ្វើឲ្យអ្នកលែងឃ្លានបាយ, ញ៉ាំលែងឆ្ងាញ់, ឬហើមពោះ, បញ្ហាការរំលាយអាហារ, ការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឲ្យរាងកាយមានកំណត់។
កើតជំងឺមហារីក
បើយោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការអង្គុយយូរពេកអាចប្រឈមមុខនឹងជំងឺមហារីករួមមាន ជំងឺមហារីកសួត, ស្បូន, ពោះវៀនធំ, សុដន់។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមួយចំនួនបានឲ្យដឹងថា មូលហេតុអាចបណ្តាលមកពីការឡើងទម្ងន់ និងការអង្គុយយូរធ្វើឲ្យមានបំរែបំរួលដូចជា អរម៉ូន, អសមត្ថភាពប្រព័ន្ធរំលាយអាហារ, រលាក, បញ្ហាទាំងអស់នេះងាយនឹងធ្វើឲ្យកើតជំងឺមហារីក។
បញ្ហាជើង
ការអង្គុយពេញមួយថ្ងៃធ្វើឲ្យអ្នកលែងពឹងផ្អែកលើសាច់ដុំជើង ដែលអាចបណ្តាលឲ្យខ្សោយសាច់ដុំជើង, ធ្វើឲ្យស្វិតសាច់ដុំជើង។
បើទោះបីជាការអង្គុយយូរអាចធ្វើឲ្យមានបញ្ហាសរសៃឈាមយឺត, កកឈាម តែរោគសញ្ញាទូទៅច្រើនកើតឡើងចំពោះជើង។
ក្រៅពីធ្វើឲ្យឈាមកក វាក៏អាចកាត់បន្ថយលំហូរឈាមទៅកាន់សរីរាង្គផ្សេងៗដូចជា សួត, បណ្តាលឲ្យមានកំណកឈាមក្នុងសួត, អាចបណ្តាលឲ្យស្លាប់បាន។
មិនថាការអង្គុយយូរនៅនឹងមួយកន្លែង សូម្បីតែការអង្គុយធ្វើដំណើរយូរក៏អាចធ្វើឲ្យកកឈាមក្នុងសរសៃឈាមដែរ៕
មតិយោបល់