ព័ត៌មានសុខភាព

យល់ដឹងពីវិធីព្យាបាលជំងឺដុំគីសក្នុងសុដន់

បរទេស៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីជាង ៦០% កើតដុំគីសនៅក្នុងសុដន់ យ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ ដុំគីសភាគច្រើនមិនប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយឡើយ ប៉ុន្តែដុំគីសខ្លះទៀតអាចក្លាយទៅជាមហារីកបាន។

អ្នកដែលកើតជំងឺដុំគីសក្នុងសុដន់ មានអាការៈដូចជា៖ សុដន់ទន់ជ្រាយ, មិនស្រួលក្នុងខ្លួន, ឈឺចាប់, ហើម, ចេញដុំពកៗលើស្បែក, មានអារម្មណ៍ថា សុដន់ធ្ងន់ជាងមុន, ចេញកន្ទួលចុងដោះ។ តែទោះជាយ៉ាងណា ជំងឺដុំគីសនេះអាចព្យាបាលបាន។

ស្អំទឹកកក ឬទឹកត្រជាក់
យកទឹកកក ឬទឹកត្រជាក់ស្អំនៅលើសុដន់ អាចកាត់បន្ថយការឈឺចាប់, មិនស្រួលខ្លួន និងការរលាកដែលបណ្តាលមកពីជំងឺដុំគីសក្នុងសុដន់។ តែពេលអនុវត្តអ្នកគួរតែយកកន្សែងខ្ចប់ដុំទឹកកក រួចដាក់ស្អំពីលើសុដន់រយៈពេល ១៥នាទី។

វិធីនេះក៏អាចកាត់បន្ថយការឈឺចាប់ និងភាពទន់ជ្រាយនៃសុដន់បានច្រើនផងដែរ។ បន្តធ្វើរបៀបនេះឲ្យបានយ៉ាងហោចណាស់ ២ដងជារៀងរាល់ថ្ងៃ វានឹងជួយព្យាបាលអាការៈដុំគីសក្នុងសុដន់ឲ្យឆាប់ជាសះស្បើយ។

ស្អំទឹកក្តៅ
ចំពោះស្ត្រីដែលមិនត្រូវធាតុនឹងធាតុត្រជាក់ អាចធ្វើការស្អំទឹកក្តៅជំនួសវិញ ដើម្បីព្យាបាលភាពឈឺចាប់ និងអាការៈហើម ដែលបណ្តាលមកពីជំងឺដុំគីសក្នុងសុដន់។ យកក្រណាត់ជ្រលក់ទឹកក្តៅស្អំលើសុដន់រយៈពេល ១៥នាទីជារៀងរាល់ថ្ងៃ។

អាហារដែលគួរទទួលទាន ដើម្បីជួយព្យាបាលដុំគីស
អាហារដែលជួយកាត់បន្ថយជំងឺដុំគីសក្នុងសុដន់រួមមាន៖

បន្លែគ្រប់មុខ
ការទទួលទានស្ពៃក្តោប, ជីវ៉ាន់ស៊ុយ, ត្រសក់ និងស្លឹកបន្លែបៃតងជាច្រើនផ្សេងទៀត…។ សុទ្ធតែជាប្រភពនៃសារធាតុបង្កើនទឹកនោម ដែលអាចជួយកម្ចាត់សារធាតុពុលដែលបណ្តាលឲ្យកើតដុំគីស, អាការៈឈឺចាប់ និងរលាកក្នុងសុដន់។

បរិភោគត្រី
អ្នកដែលខ្វះសារធាតុអ៊ីយ៉ូតនៅក្នុងរាងកាយ អាចប្រឈមមុខនឹងការកើតជំងឺដុំគីសក្នុងសុដន់។ ការបំពេញសារធាតុអ៊ីយ៉ូតទៅក្នុងរាងកាយឲ្យពេញដូចដើមវិញ អាចជួយកាត់បន្ថយការកើតជំងឺដុំគីសក្នុងសុដន់។
ដូច្នេះអ្នកគួរតែបរិភោគត្រី ព្រោះវាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយ ប្រឆាំងនឹងអុកស៊ីតកម្ម។ ប្រភេទត្រីទាំងនេះមានដូចជា៖ ត្រីសាល់ម៉ុន និងត្រីស្បៃកាជាដើម។

ទទួលទានវីតាមីន E
ការទទួលទានវីតាមីន Eឲ្យបានច្រើន អាចជួយកាត់បន្ថយអាការៈនៃជំងឺដុំគីសក្នុងសុដន់, រួមទាំងការឈឺចាប់, សុដន់ទន់ជ្រាយ និងភាពឈឺចាប់។ វីតាមីន Eត្រូវបានគេទទួលស្គាល់ថា អាចជួយកាត់បន្ថយការរីកដុំគីសក្នុងសុដន់។ ប្រភពនៃវីតាមីន E រួមមានស្លឹកបន្លែបៃតង, ប្រេងចម្រាញ់ពីបន្លែ, គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ-ល-។

អាហារដែលអ្នកមិនគួរញ៉ាំ

ការទទួលទានសាច់ និងសត្វស្លាប
បច្ចុប្បន្ននេះ សត្វត្រូវបានគេចិញ្ចឹមចាក់ថ្នាំអ័រម៉ូន ដើម្បីឲ្យឆាប់ធំធាត់។ អ័រម៉ូនទាំងនេះនៅតែផ្ទុកក្នុងរាងកាយរបស់ពួកវាបានរយៈពេលយូរ។ ដូច្នេះ ការទទួលទានសាច់ និងសត្វស្លាបនាំឲ្យជំងឺដុំគីសក្នុងសុដន់កាន់តែធ្ងន់ធ្ងរឡើង ជាពិសេសក្នុងកំឡុងពេលមករដូវ នៅពេលរាងកាយមានកើនឡើងនូវកម្រិតអ័រម៉ូន។

ការទទួលទានអំបិល
ការទទួលទានអាហារមានជាតិប្រៃច្រើន ឬប្រើអំបិលក្នុងអាហារច្រើនពេកអាចបណ្តាលឲ្យស្ទះទឹកក្នុងកំឡុងពេលមករដូវ ដែលអាចធ្វើឲ្យសុដន់ហើម និងងាយប្រតិកម្ម។ ការទទួលទានអាហារប្រៃអាចធ្វើឲ្យអាការៈដុំគីសក្នុងសុដន់កាន់តែធ្ងន់ធ្ងរឡើងៗ។ ហេតុនេះ ត្រូវកាត់បន្ថយការទទួលទានប្រៃ ជាពិសេសក្នុងកំឡុងពេលមករដូវ ព្រោះវាអាចជួយកាត់បន្ថយអាការៈដុំគីសក្នុងសុដន់បានច្រើន។

ប្រភេទភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងទឹកសូដា

ការទទួលទានតែ, កាហ្វេ, ស្រាបៀរ, ស្រា និងភេសជ្ជៈជាច្រើនផ្សេងទៀតសុទ្ធតែមានផ្ទុកនូវសារធាតុគីមី ដែលគេហៅថា មើស៊ីលេនស៊ីន ជួយបង្កើនអ័រម៉ូនតានតឹង ដែលអាចបណ្តាលឲ្យដុំគីសក្នុងសុដន់រីកធំកាន់តែខ្លាំង ហើយថែមទាំងធ្វើឲ្យ សុដន់ទន់, ឈឺចាប់ និងរលាក។

ពាក់អាវទ្រនាប់ឲ្យបានត្រឹមត្រូវ
ស្ត្រីស្ទីតែ ៨០% ពាក់ទំហំអាវទ្រនាប់ខុសទំហំ ប៉ុន្តែពួកគេមិនដឹងថា វាអាចបណ្តាលឲ្យកើតជំងឺដុំគីសក្នុងសុដន់នោះទេ។ ការពាក់អាវទ្រនាប់សមល្មមអាចជួយកាត់បន្ថយអាការៈឈឺចាប់ដើមទ្រូង និងបញ្ហាធ្ងន់សុដន់ផងដែរ។

ព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការឡើងទម្ងន់ក៏ជាដើមហេតុដែលធ្វើឲ្យកើតជំងឺដុំគីសក្នុងសុដន់ដែរ។ សារធាតុខ្លាញ់នៅក្នុងរាងកាយច្រើនពេក អាចនាំឲ្យអ័រម៉ូន អឺសស្ត្រូសែនកើនឡើង។

កម្រិតនៃអ័រម៉ូនអឺសស្ត្រូសែន កាន់តែច្រើនក្នុងរាងកាយ អាចបណ្តាលឲ្យកើតដុំគីសក្នុងសុដន់។ ដូច្នេះ ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់នឹងជួយរក្សាទម្ងន់ និងគេចផុតពីជំងឺដុំគីសក្នុងសុដន់។

ទោះបីជាយ៉ាងណា យកល្អអ្នកត្រូវទៅជួបនឹងវេជ្ជបណ្ឌិត ដើម្បីធ្វើតេស្តឲ្យបានត្រឹមត្រូវមុនពេលសាកល្បងវិធីសាស្ត្រព្យាបាលដោយខ្លួនឯង៕

Breast Cysts

មតិយោបល់