ព័ត៌មានសុខភាព

ទទួលទានទឹកក្រូចឆ្មានៅពេលព្រឹក តើជំនួយអ្វីខ្លះ?

ទឹកក្រូចឆ្មា មិនត្រឹមតែជួយសម្អាតជាតិពុលចេញពីរាងកាយប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយជាតិកាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, ជាតិដែក, វីតាមីន, និងប្រូតេអ៊ីន ដែលជួយជំរុញឲ្យរាងកាយមានសុខភាពល្អ។
ទឹកអាស៊ីតនៃក្រូចឆ្មា សម្បូរទៅដោយភ្នាក់ងារការពារ និងមានគុណសម្បត្តិបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដែលមានសារៈសំខាន់បំផុតសម្រាប់សុខភាពទូទៅ។
អ្នកគ្រាន់តែច្របាច់ក្រូចឆ្មា ១ចំហៀង ហើយចាក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ បន្ទាប់មកបន្ថែមទឹកឃ្មុំបន្តិច ដើម្បីបង្កើនរសជាតិជាការស្រេច។

ការទទួលទានទឹកក្រូចឆ្មាមុនពេលបាយព្រឹក ទទួលបានអត្ថប្រយោជន៍ ១០យ៉ាង៖

១. សម្រួលដល់ការរំលាយអាហារ
ក្រូចឆ្មាអាចរំញោចទឹកប្រមាត់ ដែលធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ។ ការទទួលទានទឹកក្រូចឆ្មាទៀងទាត់ អាចជួយលាងសម្អាតសារធាតុពុលចេញពីរាងកាយ ហើយអាចការពារបញ្ហារំលាយអាហារថែមទៀ។

២. អាចជួយសម្រកទម្ងន់

ក្រូចឆ្មាអាចសម្លាប់ចំណង់អាហារ ព្រោះជាតិសរសៃអាចជួយក្នុងការគ្រប់គ្រងបរិមាណអាហារដែលអ្នកបរិភោគ។
ការលាយទឹកក្តៅ ទឹកឃ្មុំ និងក្រូចឆ្មា បញ្ចូលគ្នាអាចបង្កើតអាល់កាឡាំងនៅក្នុងក្រពះ ដែលអាចបង្កើនល្បឿននៃការរំលាយអាហារ ព្រមទាំងដុតបំផ្លាញ់ជាតិខ្លាញ់។

៣. សម្អាតស្បែក
ស្បែករបស់លោកអ្នកនឹងមានពណ៌សម្បុរភ្លឺថ្លាឡើងវិញ បន្ទាប់ពីទទួលទានទឹកក្រូចឆ្មាក្តៅឧណ្ឌៗមួយកែវមុនពេលញ៉ាំអាហារពេលព្រឹក។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការទទួលទានទឹកក្រូចឆ្មាទៀងទាត់ នឹងបង្កើនសមត្ថភាពរាងកាយក្នុងការប្រើប្រាស់ជាតិដែក ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ក្រូចឆ្មាមានផ្ទុកវីតាមីន C ដែលអាចការពារអ្នកពីជំងឺផ្កាសាយបាន។

៥. ការពារដង្ហើមអាក្រក់
ក្រូចឆ្មាអាចសម្អាតមាត់ ដោយធ្វើការបញ្ចេញទឹកមាត់សម្លាប់មេរោគបាក់តេរី ដែលបង្កឲ្យមានក្លិនមិនល្អ។
៦. រក្សាកម្រិតតុល្យភាព pH នៅក្នុងរាងកាយ
អ្នកគ្រាន់តែផឹកទឹកក្រូចឆ្មាក្តៅឧណ្ឌៗមួយកែវ អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការរលាក និងរក្សាតុល្យភាពកម្រិត pH រាងកាយរបស់អ្នកបាន។

៧. បង្កើនថាមពល
ក្រូចឆ្មាមានផ្ទុកសារធាតុប្រូតេអ៊ីន, ផូស្វ័រ, វីតាមីន C និង B ដែលអាចជួយបង្កើនកម្រិតថាមពល។

៨. ព្យាបាលអាការៈឈឺបំពងក
ក្រូចឆ្មា គឺជាឱសថធម្មជាតិដ៏មានប្រសិទ្ធិភាពក្នុងការព្យាបាលអាការៈឈឺបំពងក និងការរលាក។ ហានិភ័យនៃការវិវត្តទៅរកការឆ្លងមេរោគបំពងកអាចត្រូវបានកាត់បន្ថយ ប្រសិនបើអ្នកទទួលទានទឹកក្រូចឆ្មាក្តៅឧណ្ឌៗមួយកែវមុនពេលអាហារពេលព្រឹក។

៩. កាត់បន្ថយសម្ពាធឈាម
ក្រូចឆ្មាអាចរក្សាជាតិទឹកសម្រាប់សម្របសម្រួល និងសម្អាតប្រព័ន្ធកោសិកា។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយប៉ូតាស្យូម ដែលអាចកាត់បន្ថយភាពតានតឹង និងធ្វើឲ្យគេងលក់ស្រួល។
មួយវិញទៀត វាអាចជួយឲ្យប្រសើរឡើងនូវសកម្មភាពផ្លូវចិត្ត និងរក្សាកម្រិតសម្ពាធឈាម។

១០. សម្អាតផ្លូវបង្ហួរនោម
ក្រូចឆ្មាមានគុណសម្បត្តិដ៏អស្ចារ្យ ក្នុងការសម្អាតបាក់តេរី ពីបំពង់បង្ហួរនោម។ វាអាចរក្សាតុល្យភាពកម្រិត pH (ការពារការរីករាលដាលនៃបាក់តេរី) និងសកម្មភាពច្រោះទឹកនោម។
សរុបមកវិញ ការទទួលទានទឹកក្រូចឆ្មាក្តៅឧណ្ឌៗ អាចបង្កើនកម្រិតថាមពល, ធ្វើឲ្យប្រសើរឡើងនូវសុខភាព, ការពារប្រព័ន្ធភាពស៊ាំ និងជួយដល់ការសម្រកទម្ងន់៕

drink-hot-water-lemon

មតិយោបល់