កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងក្រុងសេអ៊ូល នៅថ្ងៃអង្គារ៍នេះ បានរៀបចំកិច្ចពិភាក្សាយោធាមួយ ដើម្បីស្ថាបនាការជឿទុកចិត្តគ្នាទៅវិញទៅមក ចំពេលដែលអាមេរិក កំពុងមានការសង្ស័យ បន្ទាប់ពីបានរកឃើញសកម្មភាពថ្មីៗ នៅឯរោងចក្រមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់កិច្ចប្រជុំលើកទី ២ របស់ពួកគេ បានធ្វើទ្បើងតាំងពីខែមិថុនា នៅភូមិ Panmunjeom ជាតំបន់ព្រំដែនគ្មានយោធា ខណៈដែលជំនួបកំពូលអន្តរកូរ៉េ កាលពីខែមេសាកន្លងទៅ មេដឹកនាំប្រទេសកូរ៉េទាំងពីរ បានយល់ព្រមព្រៀងគ្នាលុបបំបាត់ភាពតានតឹង និងបញ្ឈប់រាល់សកម្មភាពអមិត្តទាំងអស់ផងដែរ»។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាក្នុងអំឡុងកិច្ចប្រជុំ ដាច់ដោយឡែកផ្សេងគ្នា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរីកាលពីខែមុនថា នឹងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនមានកិច្ចព្រមព្រៀង ជាក់លាក់ណាមួយ ដើម្បីសម្រេចបានគោលដៅខាងលើនោះទេ។
ឧត្តមសេនីយ៍ Kim Do-gyun ប្រធានគណៈប្រតិភូកូរ៉េខាងត្បូង ដែលជាអ្នកទទួលខុសត្រូវគោលនយោបាយកូរ៉េខាងជើង នៅក្រសួងការពារជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលលទៅកាន់ភូមិមួយ ក្នុងតំបន់ដែលគ្មានកងទ័ព(DMZ) ដោយបែងចែកប្រទេសកូរ៉េទាំងពី ថា លោកនឹងខិតខំប្រឹងប្រែង បង្កើតវិធានការសំខាន់ៗ ដើម្បីបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកាសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេគ្រោងនឹងកាត់បន្ថយការយាមកាម និងគ្រឿងបរិក្ខារយោធាតាមបណ្តោយព្រំដែន ដែលមានកំពែងរឹងមាំ ដើម្បីអនុវត្តកិច្ចព្រមព្រៀងមួយនេះ៕
មតិយោបល់