ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នើឲ្យលោក ត្រាំ ធ្វើដំណើរទស្សនកិច្ចមកកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសខ្លួន

កូរ៉េៈ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យទៅទស្សនានៅមូលដ្ឋានយោធាអាមេរិក ក្នុងទីក្រុង Pyeongtaek ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងសេអ៊ូល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក មកកាន់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។

ដកស្រង់សម្តីមន្ដ្រីវិមានប្រធានាធិបតីម្នាក់ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប បានឲ្យដឹងថា វិមាន Blue House បានអំពាវនាវឲ្យលោកប្រធានាធិបតី ត្រាំ ធ្វើដំណើរទៅកាន់មូលដ្ឋានយោធា Pyeongtaek នៅពេលដែលលោកមកទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ដើម្បីមើលពីសកម្មភាព ដែលកងកម្លាំងអាមេរិក កំពុងអនុវត្តនៅមូលដ្ឋាននោះ។

មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា មូលដ្ឋានយោធាអាមេរិក នៅក្រុង Pyeongtaek គឺជាកន្លែងទើបសាងសង់ទំនើបបំផុត ដែលបំពាក់ដោយគ្រឿងបរិក្ខារល្អជាងមូលដ្ឋានយោធាអាមេរិក នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក។

សូមជំរាបថា លោក ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនកិច្ច ទៅកូរ៉េខាងត្បូង នៅថ្ងៃទី៧ ដល់ថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ ខណៈដែលដំណើរទស្សនកិច្ចរបស់លោក មកកាន់ទ្វីបអាស៊ី ត្រូវបានគេគ្រោងទុកចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕

on April 9, 2015 in Seoul, South Korea. U.S. Secretary of Defense Ashton Carter is visiting South Korea for three days from April 9, 2015.

មតិយោបល់