ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតជំនួយការផ្ទាល់លោក យឹម ឆៃលី និងជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវប៉ូលិសចាប់ខ្លួន

បន្ទាយមានជ័យៈ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាអតីតជំនួយការផ្ទាល់របស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឲ្យខ្លួនរបស់តុលាការ។

ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់ Post News នៅមុននេះថា អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាអតីតជំនួយការផ្ទាល់របស់លោក យឹម ឆៃលី គឺឈ្មោះ តួ ធានទឺ ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ។ លោក អាត់ ខែម បញ្ជាក់ថា ការឃាត់ខ្លួនលោក តួ ធានទឺ ពាក់ព័ន្ធករណីឆបោក រំលោភបំពានយកដីព្រៃ រួមនឹងដីផ្សេងៗមួយចំនួនទៀតរបស់រដ្ឋ។

ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារលោក តួ ធានទឺ រយៈពេល១ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៤ តាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

photo_2016-05-16_13-08-29 photo_2016-05-16_13-08-37 photo_2016-05-16_13-08-39

មតិយោបល់