ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការសម្រេចឃុំខ្លួន លោក ស៊ុត ឌីណា ក្រោយពេលប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និយាយថា ស៊ុត ឌីណា ត្រូវតែជាប់គុក

ភ្នំពេញ៖ ក្រោយពេលដែលប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានមានប្រសាសន៍ថា ACU នឹងបន្តសាកសួរលោក ស៊ុត ឌីណា នៅពន្ធនាគារទៀត នៅគ្រាដែលអង្គភាពមួយនេះ បានធ្វើសន្និសិទកាសែត ជុំវិញសំណុំរឿងចាប់ខ្លួន លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូត ខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ដើម្បីបង្ហាញភស្តុតាង ឯកសារពាក់ព័ន្ធនឹងបណ្តឹងប្រចាំលោក ស៊ុត ឌីណា អំពីអំពើពុកលួយលុយរាប់លានដុល្លារ និងមាសរាប់សិបគីឡូនោះ នៅល្ងាចថ្ងៃដដែលនេះលោក លាង សំណាត់ចៅក្រមស៊ើបសួរលោកនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក ស៊ុត ឌីណា ជាបណ្តោះអាសន្នហើយ។

សូមជម្រាបជូនថា លោក ស៊ុត ឌីណា ត្រូវបាន លោក មាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការ​ចោទប្រកាន់​ចំនួន ២បទល្មើស ទី១បទ ​កេងយកប្រយោជន៍ដោយខុសច្បាប់​ យោងតាម​មាត្រា​៥៩៧ និងមាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​ និងទី២​បទ រំលោភ​អំណាច​ យោងតាម​មាត្រា​៣៥​ ច្បាប់​ស្ដីពី ​ការ​ប្រឆាំង​អំពើពុករលួយ​។ 

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងការបំភ្លឺរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានឱ្យដឹងថា លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូត ខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបាន ACU រកឃើញថា មានលុយសុទ្ធប្រមាណ ៧,២លានដុល្លារអាមេរិក មានមាស ១២,៧៤គីឡូក្រាម មានផ្ទះវីឡា ២កន្លែង មានដីជាង១០កន្លែង មានលុយក្នុងធានាគារមួយចំនួនធំទៀត និងមានករណីជាច្រើនទៀតផងដែរ ដែល ACU កំពុងស៊ើបអង្កេត និងស្នើទៅក្រសួងយុត្តិធម៌ សហការជាមួយអង្គភាពមួយនេះ។

គួររំឮកថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង មកសាកសួរជាលើកទី២ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ គ្រាដែលលោកមកប្រទេសកម្ពុជា៕

  
    
    
    
 

មតិយោបល់