ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(មានវីដេអូ) ចាក់សម្លាប់មន្ត្រីយោធាពាក់ស័ក្ដិ៣ នៅក្រោយផ្សារដេប៉ូ ព្រោះជួបមុខគ្នាតែងតែស្ដោះទឹកមាត់

ភ្នំពេញៈ គ្រាន់តែរឿងជួបមុខគ្នាស្ដោះទឹកមាត់សោះ បុរសម្នាក់ ដាច់ចិត្តចាក់សម្លាប់ស្ត្រីជាមន្ត្រីយោធាពាក់ស័ក្ដិ៣ ធ្វើការនៅក្រសួងការពារជាតិ នៅចំណុចខាងក្រោយផ្សារដេប៉ូកាលពី២មុន។ ទោះយ៉ាងណា ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះហើយ។ នេះជាការបញ្ជាក់របស់មន្ត្រីនគរបាលលួចបង្ហើបប្រាប់ Post News នៅមុននេះបន្តិច។

មន្ត្រីនគរបាលខណ្ឌទួលគោក ដដែលបានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះ ជានិស្សិតរៀនពូកែម្នាក់ ដែលទទួលបានអាហារូបករណ៍ចំនួន៤ ពីសកលវិទ្យាល័យច្រើននោះ បានសារភាពថា រូបគេពិតជាបានចាក់សម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន ព្រោះតែខឹងស្ត្រីរងគ្រោះស្ដោះទឹកមាត់ដាក់ពេលជួបមុខខ្លួន។ ជនសង្ស័យឈ្មោះ ម៉ី គឹមហេង ហៅដំ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកគណិតវិទ្យា នៃសកលវិទ្យាលភូមិន្ទភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះលេខ៣២E0 ក្រុម១២ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ជាប់នឹងផ្ទះស្ត្រីរងគ្រោះ។

គួររំឭកថា ស្ត្រីម្នាក់ មានមុខងារជាមន្ត្រីយោធា ពាក់ស័ក្ដិ២ នៅក្រសួងការពារជាតិ ត្រូវបានជនសង្ស័យចាក់សម្លាប់យ៉ាងសាហាវនៅកណ្ដាលទីសាធារណៈ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវខាងជើងឆៀងខាងលិចផ្សារដេប៉ូ ត្រង់ផ្លូវលេខ២១៩ កែងផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីយោធា ឋានន្តរស័ក្ដអនុសេនីយ៍ឯក(ស័ក្តិ៣) នៅក្រសួងការពារជាតិ មានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២បេ ក្រុម១២ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នាវេលាថ្ងៃកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ ដើរសំដៅទៅផ្សារដេប៉ូ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាក ឃ្លីក ពណ៌ឈាមជ្រូក មិនចាំស្លាកលេខ បានមកដកកាំបិតចិតបន្លែចុងស្រួច ចាក់លើស្ត្រីរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់រួចហើយ ជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង៕

https://youtu.be/AmqhFdmAqqA

https://youtu.be/e9bbS04vEI4

https://youtu.be/sEiqQ2dsPGY

https://youtu.be/dZ0c0W0SzmM

មតិយោបល់