ភ្នំពេញៈ បន្ទាប់ពីរាជធានីភ្នំពេញ ត្រូវរងការវាយប្រហារដោយសារគ្រាប់ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនានេះ បណ្ដាលឲ្យបង្គោលភ្លើងចំនួន៦ដើម បានបាក់រលំ និង២ដើមទ្រេត នៅក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យនោះ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសចុះទៅធ្វើការដាំបង្គោល និងជួសជុលឡើងវិញ ដើម្បីតចរន្តឆាប់ឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅម៉ោង១៖៣០នាទី រំលងអធ្រាត្រយប់នេះ។
អគ្គិសនីកម្ពុជា នៅមុននេះបន្តិច បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងធ្វើដាំបង្គោលដែលបាក់ និងទ្រេតឡើងវិញទាំងយប់ ដើម្បីតចរន្តអគ្គិសនីជូនពលរដ្ឋឲ្យបានប្រើប្រាស់ឡើងវិញ។ អគ្គិសនីកម្ពុជា “សកម្មភាពក្រុមការងារបច្ចេសទេស កំពុងខិតខំប្រឹងប្រែងជួសជុលដាំបង្គោលថ្មី រៀបចំខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន6ដើម និងទ្រេតចំនួន2ដើមទាំងយប់ ដើម្បីឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង1:30នាទី រំលងអាធ្រាត្រ”។
គួរជម្រាបថា នៅវេលាម៉ោងប្រមាណជា៣រសៀលថ្ងៃនេះ ភ្លៀងមួយមេធំបានវាយប្រហារទីក្រុងភ្នំពេញ ដោយបានធ្វើឲ្យដើមឈើមួយចំនួនធំ អង់តែន នៅក្នុងក្រុងបាក់រលំ សង្កត់លើម៉ូតូ និងរថយន្តជាច្រើនគ្រឿង ព្រមទាំងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន MMCL បាក់រលំសង្កត់លើបុរសពីរនាក់ បណ្ដាលឲ្យរងរបួសផងនោះ នៅឯទឹកដីខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ខ្យល់កន្ត្រាក់ក៏បានធ្វើបង្គោលភ្លើងចំនួន៦ដើម ត្រូវបាក់ដល់ដីដែរ។ ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងពីរ គ្មានចរន្តអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ន ទម្រាំអាជ្ញាធរអគ្គិសនីធ្វើការដាំបង្គោលឡើងវិញ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុ ណារី បញ្ជាក់ថា ភ្លៀងធ្លាក់លាយខ្យល់ខ្លាំងនៅថ្ងៃនេះ បណ្ដាលមកពីកម្ពុជា រងវិសម្ពាធទាបនៅសមុទ្រវៀតណាម។ លោកថា កម្ពុជា កំពុងរងវិសម្ពាធទាបពីសមុទ្រវៀតណាម ទើបបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់បែបនេះ ហើយស្ថានភាពខាងលើ នឹងបន្តរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១ខាងមុខ។
លោកបន្ថែមថា “តាមពិតទៅ យើង Predict (ព្យាករ) ដំបូងថា វាអាចក្លាយជាកូនព្យុះ TD តែឥឡូវ វាវិលវល់នៅសមុទ្រវៀតណាមហ្នឹង ហើយថយឥទ្ធិពលត្រឹមវិសម្ពាធទាប តែក៏ធ្វើឲ្យខាងយើងធ្លាក់ភ្លៀងខ្លាំងដែរ… យើងកំពុងតាមដានបន្តទៀត ថាវាយ៉ាងណា”៕
មតិយោបល់