ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ត្រីម្នាក់ ស្លាប់ក្រោយវះកាត់សម្រាលកូន នៅមន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍនៈ (វីដេអូ)

ភ្នំពេញៈ ស្ត្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាម័យ ចោលកូនតូចៗ៣នាក់ ឲ្យនៅកំព្រា និងប្ដីត្រូវពោះម៉ាយ បន្ទាប់ពីទទួលការវះកាត់សម្រាលកូន ដោយភាពធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍនៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ដែលមានទីតាំងផ្ទះលេខ១២៧-១២៨A ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់ទួលគោក៧០ ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាច់ញាតិស្ត្រីរងគ្រោះ ដែលបានចូលរួមក្នុងពិធីបុណ្យសព នៅវត្តស្រះចក បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សៀក ស៊ីណេត អាយុ៣២ឆ្នាំ រស់នៅម្ដុំវត្តស្រះចក ក្នុងខណ្ឌដូនពេញ។

សាច់ញាតិរូបនេះរៀបរាប់ទាំងទឹកភ្នែកថា ក្រោយពេលឈឺពោះឆ្លងទន្លេ បងប្អូន និងប្ដី បានបញ្ជូនស្ត្រីរងគ្គ្រោះទៅកាន់គ្លីនិកខាងលើ ព្រោះតែទុកចិត្តដែលកន្លងមក ពោល គឺកូនទី១ និងកូនទី២ ក៏បានវះកាត់ជាមួយគ្រូពេទ្យនៃគ្លីនិកនេះ ដែលក៏ធ្វើការនៅមន្ទីរពេទ្យជប៉ុនផងនោះ ហើយឆ្លៀតមកបើកគ្លីនិកខ្លួនឯងនោះ ប៉ុន្តែក្រោយវះកាត់យកកូនចេញរួច ក៏ដេរភ្ជាប់មុខរបួសជាធម្មតា។ លុះប៉ុន្មានម៉ោងក្រោយមក ស្ត្រីរងគ្រោះបានឈឺពោះសារជាថ្មី (សង្ស័យមានឈាមកកនៅក្នុងស្បូន បណ្ដាលមកពីការលាងសម្អាតមិនស្អាត) ទើបគ្រូពេទ្យសម្រេចវះកាត់ម្ដងទៀត ប៉ុន្តែលើកនេះដូចវះកាត់បញ្ជូនទៅកាន់ភពផ្សេងអញ្ចឹង។

ករណីនេះដែរ បើតាមមន្ត្រីក្រសួងសុខាភិបាលម្នាក់ ដែលថ្លែងប្រាប់ដោយសុំមិនបញ្ចេញឈ្មោះ បានលួចប្រាប់ថា ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពវឌ្ឍនៈ គឺជាអនុប្រធានមន្ទីរពេទ្យគាំពារមាតា និងទារក ឬហៅថា មន្ទីរពេទ្យជប៉ុន ដែលមានឈ្មោះ កែវ មួយស្រូយ ភេទប្រុស។ យ៉ាងណាក៏ដោយ Post News នៅមិនទាន់អាចស្វែងរកការបកស្រាយ និងបំភ្លឺពីម្ចាស់គ្លិនិកបាននៅឡើយទេ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រោះទូរស័ព្ទចូលហើយ គ្មានអ្នកឆ្លើយតប។

ជាមួយគ្នានេះ នៅពេលក្រុមអ្នកកាសែតចុះទៅសួរនាំដល់គ្លិនិក ស្រាប់តែបុគ្គលិក និងគ្រូពេទ្យនៅគ្លិនិកមួយនេះ បានឆ្លើយថា មិនមែនស្លាប់នៅពេទ្យគ្លីនិកគេទេ គឺស្លាប់នៅមន្ទីរពេទ្យលោកសង្ឃឯណ្ណោះវិញ។ តែគេបញ្ជាក់ថា ការស្លាប់របស់ស្ត្រីរងគ្រោះ គឺស្លាប់ ក្រោយពីវះកាត់លើកទី២ នៅគ្លីនិកនោះតែម្តង ដែលដំបូងឡើយ នៅពេលឃើញសភាពមិនស្រួល គេក៏ប្រញ៉ាប់បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃវិញ។ ប៉ុន្តែជាអកុសល្យស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ជុំវិញការស្លាប់របស់ស្ត្រីជាម្ដាយរូបនេះ ខាងសាច់ញាតិបានអះអាងថា គ្រួសារសពបានទទួលការសម្របសម្រួលពីខាងគ្លីនិកនោះរួចហើយ ទើបក្រុមគ្រួសារមិនធ្វើការប្ដឹងផ្ដល់អ្វីឡើយ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅតម្ដល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តស្រះចក ក្នុងខណ្ឌដូនពេញ ព្រោះស្ត្រីរងគ្រោះជាកូនស្រីរបស់សមាជិកភូមិ១០ ដែលរស់នៅម្ដុំវត្តស្រះចក៕

មតិយោបល់