ព័ត៌មានជាតិ

តុលាការខេត្តកំពង់ធំប្រជុំមន្រ្តីនគរបាលយុត្តិធម៌ស្តីពីបញ្ហាប្រឈមនិងដោះស្រាយក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ

កំពង់ធំៈ សាលាដំបូងខេត្តកំពង់ធំកោះហៅមន្រ្តីនគរបាលយុត្តិធម៌ ប្រជុំស្តីពីបញ្ហាដែលត្រូវបានប្រឈម និងការដោះស្រាយក្នុងការអនុវត្តច្បាប់ តាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ឃន សុកល ប្រធានសាលដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ ត្រូវបានលើកឡើងពីបញ្ហា សុពលភាព ក្នុងការអនុវត្តដីកាចាប់ខ្លួន និងដីកាស៊ើប ដីកាបង្គាប់ និងការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្នុង នោះ ក៏មានមន្រ្តីនគរបាលយុត្តិធម៌តាមបណ្តាស្រុក បានសំណូមពរឲ្យគ្រប់សាលក្រមតុលាការជួយផ្តល់ដំណឹងពីសុពលភាពនៃការអនុវត្តដីកា ដើម្បីកាត់បន្ថយការដីកានៅសេសសល់សំណុំរឿង ដោយសារបច្ចុប្បន្នេះ ដីកាដែលលើសសុពលភាពនៅសល់ច្រើនណាស់ នៅតាមបណ្តាស្រុក តែក្នុងនោះដីកាមួយចំនួនពុំមានដាក់ភេទ អាយុ និងសុំឲ្យលោកព្រះរាជអាជ្ញាជួយការពារមន្រ្តីនគរបាលយុត្តិធម៌ផងដោយសារកន្លងមកជនប្រព្រឹត្តខុសតែងតែប្រើហិង្សាដល់សមត្ថកិច្ចក្នុងពេលអនុវត្តច្បាប់។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ស្ថាប័នអយ្យការចាំបាច់ ត្រូវមានការចាត់ប្រជុំប្រចាំខែ ឬ៣ខែម្តង ដើម្បីសម្របសម្រួលការងារអនុវត្តន៍ក្រមព្រហ្មទណ្ឌ ជាមួយ និងមន្រ្តីនគរបាលយុត្តិធម៌ ដូចជាស្ថាប័នប៉ូលិសកងរាជអាវុធហត្ថ សមត្ថកិច្ចរដ្ឋបាលជលផល មន្រ្តីរដ្ឋបាលព្រៃឈើ ស្តីពីសុវត្តិភាពនៃការកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដោះស្រាយចម្ងល់រាល់បញ្ហាប្រឈម លោកបានបញ្ចាក់ថា ទោះជាមិនបានប្រជុំប្រចាំខែក៏ដោយ ក៏បានចាត់ឲ្យព្រះរាជាអាជ្ញារង ចុះប្រជុំផ្ទាល់តាមអង្គភាពផ្ទាល់ដែរ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការនៃការអនុវត្តច្បាប់របស់មន្រ្តីនគរបាលយុត្តិធម៌។

លោក អ៊ីវ បូរិន្ទ ចៅក្រមជំនុំជម្រះ បានបញ្ជាក់ពីតួនាទីរបស់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវចារលិខិតដោយត្រឹមត្រូវ ចារឲ្យពេញលក្ខណៈច្បាប់ និងមានភាពទទួលខុសត្រូវ ដើម្បីឲ្យតុលាការដីកាអនុវត្តន៍នីតិវិធីច្បាប់ចៀសវាងដោះលែងជនសង្ស័យឲ្យរួចខ្លួន ដោយការប្រព្រឹត្តខុស ដោយសារតែការចារលិខិត ដែលមិនមានលក្ខណៈច្បាស់លាស់ គ្រប់ដីកាបញ្ជូន ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាល ឬទីបញ្ជាការកងរាជអាវុធហត្ថ ចំណែកសាលក្រម និងសុំដីកាសម្រេច មានតែអ្នកមានសិទ្ធិ រីឯការសុំសិទ្ធិការពារដល់មន្រ្តីនគរបាលយុត្តធម៌ គឺត្រូវបានច្បាប់អនុញ្ញាតរួចទៅហើយ តែត្រូវការពារដោយសមហេតុផល តែមិនមែនសមត្ថកិច្ចទៅវាយឲ្យជនសង្ស័យរបួស និងពិការនោះទេ ចំណែកសាក្សីមិនអាចលាក់អត្តសញ្ញាណមិនឲ្យមកឆ្លើយបំភ្លឺក្នុងតុលារការបានទេ ចំពោះគ្រឿងញៀនមិនអាចបង្កើតការញុះញង់ស្រេចតែចិត្តទេ ចំណែកជនញុះញង់មិនអាចឲ្យទៅលក់ទេ តែអាចឲ្យទៅទិញបាន តែនៅពេលដែលគ្រឿងញៀនត្រូវបានបង្រ្កាបតែបុគ្គលនោះ ក៏ត្រូវបានបញ្ចប់ដែរ ដោយមិនអាចអនុញ្ញាតឲ្យធ្វើជាភ្នាក់ងារត្រាំត្រែងក្នុងការស៊ើបអង្កើតបានទេ។

លោក ឃន សុកល ប្រធានសាលាដំបូង ខេត្តកំពង់ធំ បានមានបញ្ជាក់ថា ចាប់ពីពេលនេះទៅគ្រប់ដីកា ត្រូវបញ្ជូនឲ្យទៅលោកស្នងការ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីឲ្យមានភាពទទួលខុសត្រូវ និងងាយស្រួលក្នុងការតាមដានសំណុំរឿងនីមួយៗ៕

មតិយោបល់