ហ្វីលីពីន: បើទោះបីជា មានក្រុមអង្គការសិទ្ធមនុស្សប្រឆាំងតវ៉ាច្បាប់ថ្មីនេះ ក៏លោកប្រធានាធិបតីថ្មីហ្វីលីពីន Rodrigo Duterte នៅតែរក្សាគោលជំហរច្បាប់បាញ់សម្លាប់ឧក្រិដ្ឋជនថ្នាំញៀនដដែល ដោយលោកបានលើកហេតុផលថា មនុស្សញៀនថ្នាំមុននិងក្រោយក៏គង់តែស្លាប់ដូចគ្នា ដូច្នេះបើមិនប្រគល់ខ្លួនឲ្យប៉ូលិសទេ នឹងបាញ់សម្លាប់ចោលតែម្តង ពោលគឺមិនខ្វល់ពីសិទ្ធិមនុស្សឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នារសៀលថ្ងៃទី០៦ សីហា ឆ្នាំ២០១៦នេះ។
សិទ្ធិមនុស្សមិនមែនជាក្តីបារម្ភនៅក្នុងសង្គ្រាមគ្រឿងញៀនឡើយ សម្រាប់លោកប្រធានាធិបតីថ្មីរូបនេះ ខណៈដែលគាត់បានប្តេជ្ញាថា នឹងមិនអើពើដំណើរការនីតិវិធីត្រឹមត្រូវ និងបានប្រៀបធៀបខ្លួនទៅនឹងមេដឹកនាំផ្តាច់ការលោកប្រធានាធិបតី Idi Amin ប្រទេសអ៊ូហ្គង់ដា។
កាលពីពេលថ្មីៗនេះ អ្នកសេពគ្រឿងញៀននិងអ្នកញៀនថ្នាំចំនួន ៦០.០០០នាក់ ប្រគល់ខ្លួនឱ្យអាជ្ញាធរ ចាប់តាំងពីការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលថ្មី។ ហើយលោកប្រធានាធិបតីហ្វីលីពីនថ្មីបានប្រកាសសង្គ្រាមជាមួយពួករត់ពន្ធនិងជួញដូរគ្រឿងញៀន ដោយបើកយុទ្ធនាការកំទេចចោលពួកឧក្រិដ្ឋជនទាំងនោះ។ ហើយយ៉ាងហោចណាស់ មានក្រុមឈ្មួញនិងក្រុមបងធំដែលជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀនចំនួន ១១០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបនេះ។
សូមជម្រាបថា មានការសង្ស័យថា មានតួលេខពិតប្រាកដអ្នកញៀនថ្នាំជិត ២០០នាក់ដែលត្រូវបានគេសម្លាប់ចោល។ យ៉ាងហោចណាស់ ៤៣.០០០នាក់ជាអ្នកជួញដូរគ្រឿងញៀនបានចោទប្រកាន់ថា បានលាក់ទុកគ្រឿងញៀន ហ្វេតាមីនចំនួន ៣០០គីឡូក្រាម។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោកប្រធានាធិបតី Duterte បានប្តេជ្ញាថា នឹងសម្លាប់មនុស្ស ១០០.០០០នាក់ បើសិនមិនព្រមប្រគល់ខ្លួនតាមសំរួល។
បើតាមលោក Ann Fordham នាយកប្រតិបត្តិនៃសមាគមគោលនយោបាយគ្រឿងញៀនអន្តរជាតិ (IDPC) ដែលជាអ្នកសម្របសម្រួលក្នុងការចេញលិខិតនោះបានឲ្យដឹងថា យើងបានអំពាវនាវឲ្យស្ថាប័នត្រួតពិនិត្យគ្រឿងញៀនអង្គការសហប្រជាជាតិ ថ្កោលទោសជាសាធារណៈចំពោះអំពើឃោរឃៅទាំងនេះ។ ការសម្លាប់ផ្តេសផ្តាសនេះ មិនមែនជាដំណោះស្រាយនៃវិធានការត្រួតពិនិត្យគ្រឿងញៀនឡើយ៕
មតិយោបល់