ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សមិទ្ធផលអាស៊ាន មួយជីវិត ពីវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី ក្នុងពិធីលៀងសាយភោជន៍ នៃពិធីបើកវេទិកាភាព ជាអ្នកដឹកនាំអាស៊ានលើកទី១៣ នៅទីក្រុងវៀងច័័ន្ទ ប្រទេសឡាវ រាត្រីថ្ងៃទី៦សីហាឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ នៅក្នុងជំនួបពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លោកនាយករដ្ឋមន្រ្តីឡាវ បណ្ឌិត ថងលួង ស៊ីសូលីត មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញ មកចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ ពិសេសការទទួលនូវពានរង្វាន់សមិទ្ធផលអាស៊ាន មួយជីវិត ដែលផ្តល់ដោយវេទិកាភាពជាអ្នកដឹកនាំអាស៊ាន។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ នាយករដ្ឋមន្រ្តីឡាវ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីមហន្តរាយដែលប្រជាកសិករឡាវកំពុង ប្រទះលើផលដំណាំរបស់ខ្លួន ពីការបំផ្លិចបំផ្លាញនៃសត្វកណ្តូប នៅក្នុងខេត្តលូងព្រះបាង របស់ប្រទេសឡាវ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ នាយករដ្ឋមន្រ្តីឡាវបានឯកភាពក្នុងការទទួលយកពីសំណើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការផ្ទេរអគ្គលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ពីរាជធានីភ្នំពេញ មកកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្រាប់ផ្នែកគាំទ្របច្ចេកទេសនិបរិស្ថាន ដោយឡែកសម្រាប់ការ ព្យាករណ៍អាកាសធាតុ និងទឹកជំនន់ បន្តរក្សាក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការសម្រេចផ្ទេរនូវផ្នែកទាំងនោះ គឺដោយការបង្ហាញនូវការគាំទ្រផ្នែកនយោបាយរបស់កម្ពុជា ចំពោះរដ្ឋាភិបាលឡាវ និងជាការថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលបានគាំទ្រដល់កម្ពុជាក្នុងការបង្កើត មជ្ឈមណ្ឌលកំចាត់មីនអាស៊ានក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការរិះរកមធ្យោបាយបង្កើនប្រាក់អាហារូបករណ៍សម្រាប់ និស្សិតនៃប្រទេសទាំងពីរ ដែលសិក្សាក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឡាវ ពីប្រាក់អាហារូបករណ៍១៥០ ដុល្លាក្នុងពេលបច្ចុប្បន្ន ទៅ២៥០ដុល្លាក្នុង១ខែ ដោយធ្វើយ៉ាងណាឲ្យក្រសួងអប់រំនៃប្រទេសទាំងពីរបន្តធ្វើការពិភាក្សា ជាមួយគ្នា ដើម្បីឲ្យដំណើរការនោះប្រព្រឹត្តទៅដោយឆាប់រហ័សបំផុត។ លោកក៏បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែបានធ្វើការគាំទ្រចំពោះតួនាទី របស់ឡាវ ក្នុងការធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៦នេះ ពិសេសសម្រាប់ការដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន នៅក្នុងខែកញ្ញាខាងមុខ។ តាមរយៈនេះលោកនាយករដ្ឋមន្រ្តីក៏បានស្នើសុំសម្តេចតេជោបន្តការគាំទ្រជាបន្តទៀត ពិសេសគាំទ្រដល់ការប្រឹក្សាយោបល់លលើបញ្ហារួមរបស់អាស៊ាន និងអន្តរជាតិ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាព ក្នុងការបន្តគាំទ្រដល់ប្រទេសឡាវដែលជាប្រទេសមិត្តភក្តិនិងគ្នា។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំ នៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌទ្វេភាគីនោះ គឺគម្បីប្រទេសទាំងពីរ ធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការ នៃក្រសួងការបរទេសរបស់ប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសថ្មីដូចគ្នា សំដៅធ្វើយ៉ាងណាឲ្យវិស័យការទូតរបស់ប្រទេសទាំងពីរ កាន់តែ មានរឹងមាំថែមទៀត។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ សមភាគីឡាវ គឺធ្វើយ៉ាងណាប្រទេសទាំងពីរកុំបង្កជម្លោះដណ្តើមផលប្រយោជន៍គ្នា ពោលគឺយើងត្រូវតែ មានការគាំទ្រគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ ដែលការលើក ឡើងនោះត្រូវបានការគាំទ្រ ពីនាយករដ្ឋមន្រ្តីឡាវ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ចូលរួមនូវការសោកស្តាយ ចំពោះមហន្តរាយដែលប្រជាកសិករឡាវ កំពុងជួបប្រទះពីការបផ្លិចបំផ្លាញនៃសត្វកណ្តូប។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាធ្លាប់ជួបប្រទះនូវបញ្ហាបែបនេះកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែយើងបានខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការបំផ្លាញសត្វកណ្តូបអស់ទាំងនោះ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ឡាវ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងទ្វេរភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
មតិយោបល់