ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកអំពាវនាវឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សជនជាតិចិន

អាមេរិក: កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសចិន ឲ្យមានការដោះលែងក្រុមមេធាវីនិងពួកសកម្មជនសិទ្ធិមនុស្សបួននាក់ ដែលត្រូវបានផ្តន្ទា​ទោស​ពីបទធ្វើវិទ្ធង្ស (បង្ហិនបង្ហោច) នាសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌​មាន Channel News Asia នៅថ្ងៃទី៩ សីហា ឆ្នាំ២០១៦។

មេធាវីលោក Zhou Shifeng និងលោក Gou Hongguo និងសកម្មជនលោក Hu Shigen និងលោក Zhai Yanmin ត្រូវកាត់ទោសដាក់ពន្ធនាគារ ក្នុងចន្លោះពី ៣ទៅ ៧ឆ្នាំកន្លះ ដោយតុលាការនៅក្នុង​ភាគឦសាន​នៃទីក្រុង Tianjin ក្នុងប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Elizabeth Trudeau បាននិយាយនៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា «យើងសូមជំរុញឱ្យអាជ្ញាធរចិនឱ្យដោះលែងលោកមេធាវី​និងអ្នកការពារ​សិទ្ធិ​មនុស្ស ដែលត្រូវបានជាប់ពន្ធនាគារឬនៅក្នុងការឃុំឃាំង រួមទាំងផ្តន្ទាទោសរួចទៅហើយ»

ការកាត់ទោសមនុស្សបួននាក់ កាលពីសប្តាហ៍មុន គឺជាការផ្តន្ទាទោសនៅក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលបានផ្សាភ្ជាប់ទៅនឹងក្រុមមេធាវីច្បាប់នៅទីក្រុងប៉េកាំង ដែលត្រូវបានគេវាយប្រហារនៅ​ក្នុងការ​បង្រ្កាប​ទៅលើអ្នកប្រឆាំង ចាប់ពីខែកក្កដា ឆ្នាំមុន ដោយសាររដ្ឋបាលលោកប្រធានាធិបតី Xi Jinping បានរឹត​បន្តឹងការគ្រប់គ្រង និងលើកឡើងពីតម្រូវការដើម្បីបង្កើនសន្ដិសុខនិងស្ថិរភាពជាតិ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនេះបានបន្តនិយាយថា មេធាវីនិងសកម្មជនរាប់សិបនាក់​ផ្សេង​ទៀត បានចាប់ឃុំខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ រួមទាំងលោក Li Heping ត្រូវបានបន្ត​ចាប់ឃុំ​ខ្លួនបណ្ដោះអាសន្ន ដោយមិនបានជួបមុខគ្រួសាររបស់ពួកគេ ឬដើម្បីប្រឹក្សាផ្នែកច្បាប់នៃ​ការជ្រើសរើស​របស់​ខ្លួន។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា យើងសូមអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវករណី ដែលបាន​ប្រឆាំង​នឹងពួកគេនិងដើម្បីរឹតបន្តឹងលើសេរីភាពនៃចលនានិងសកម្មភាពខាងវិជ្ជាជីវៈរបស់ពួកគេ៕

Acitivist and Lawyers ChineseState Department spokeswoman Elizabeth Trudeau US

មតិយោបល់