ភ្នំពេញៈ ថ្ងៃទីមួយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥ – ២០១៦ បានដំណើរការទៅដោយរលូនល្អ ពោល គឺគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច បើទោះបីជាដំណើរការសំណេរនាពេលរសៀល នៅខេត្តមួយចំនួនមានភ្លៀងក៏ដោយ។ ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធបានផ្ដល់កិច្ចសហការយ៉ាងល្អ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រលប់ថ្ងៃទី២២ ខែសីហានេះ។
ប៉ុន្តែទោះជាយ៉ាងណា បើតាមក្រសួងអប់រំ បន្តឲ្យដឹងថា មានបេក្ខជនមានបញ្ហាសុខភាពចំនួន៩ករណី ក្នុងពេលប្រឡង ប៉ុន្តែពួកគេអាចបន្តប្រឡងបានឡើងវិញ ក្រោយការជួយសង្គ្រោះ លើកលែងតែ១ករណី នៅខេត្តកំពង់ធំប៉ុណ្ណោះ។ ក្រសួងសង្កេតឃើញថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ មានការជឿជាក់ និងធ្វើកិច្ចការបានច្រើន ពោលគឺពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ជាមួយគ្នានេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញទៅបើកហឹបវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានស្ថានភាពល្អប្រសើជាងឆ្នាំមុនៗ បន្ទាប់ពីឆ្នាំនៃការធ្វើកំណែទម្រង់របស់ក្រសួង។ លោកសង្កេតឃើញថា សិស្សានុសិស្សបានត្រៀមខ្លួនរួចជាស្រេចមុនពេលប្រឡង ហើយលោកថា ការរឹតបន្តឹងការប្រឡងនេះ មិនមែនជាការធ្វើបាបពួកគេនោះទេ។
សិស្សានុសិស្ស ដែលមានតួនាទីត្រូវបញ្ចប់កាតព្វកិច្ចរបស់ពួកគេនៅថ្ងៃនេះ បន្ទាប់ពីបានសិក្សាអស់រយៈពេល១២ឆ្នាំ ពួកគេបានសម្ដែងក្ដីរំភើប លាយនឹងការបារម្ភដោយបញ្ជាក់ថា ការប្រឡងនៅឆ្នាំនេះ ក្រសួងអប់រំ បានធ្វើការរឹតបន្តឹងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេសាទរចំពោះការរឹតបន្តឹងនៅរបស់ក្រសួង ដោយអះអាងថា តាមរយៈការរឹតបន្តឹងនេះ នឹងធ្វើឲ្យគេដឹងច្បាស់ថា អ្នកណាមានសមត្ថភាព ឬមិនមាន។
ជាមួយគ្នានេះដែរ ឪពុកម្ដាយសិស្សដែលជូនកូនមកប្រឡង និងរង់ចាំកូននៅខាងក្រៅរបងសាលា បានឲ្យដឹងថា ពួកគាត់សាទរ និងពេញចិត្ត ចំពោះកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគាត់លើកឡើងថា កំណែទម្រង់នេះ គឺបានចម្រាញ់យកធនធានពិតប្រាកដ កាត់បន្ថយអំពើពុករលួយ ដើម្បីឲ្យកូនចៅរបស់គាត់អាចចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសគឺចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។
យ៉ាងណាមិញ ឪពុកម្ដាយមួយចំនួនក៏នៅសម្ដែងក្ដីបារម្ភផងដែរ ចំពោះសមត្ថភាពកូនៗរបស់ពួកគេ។ ពួកគាត់បានលើកឡើងទៀតថា ឪពុកម្ដាយមកថ្ងៃនេះ គឺដើម្បីលើកទឹកចិត្តដល់កូន តែសមត្ថភាពអាចប្រឡងជាប់ ឬយ៉ាងណា អាស្រ័យលើពួកគេផ្ទាល់តែម្ដង ក្រៅពីការជួយជំរុញការសិក្សារបស់កូននៅផ្ទះនាអស់រយៈពេលកន្លងមក។
គួរបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងបាក់ឌុបនៅថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ ហើយនៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរ មានសមត្ថកិច្ច មន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មាន៤មុខវិជ្ជា ក្នុងនោះសម្រាប់ថ្នាក់វិទ្យាសាស្ត្រ រួមមាន គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស រីឯថ្នាក់វិទ្យាសាស្ត្រសង្គមវិញ រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី-បរិស្ថាន និងភាសាបរទេស។ ដោយឡែក បេក្ខជនសរុបចំនួន១២០៧នាក់ ក្នុងនោះស្រី៥០១នាក់ បានអវត្តមាន មិនអាចមកប្រឡងផងដែរ។
គួរជម្រាបផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប សម័យប្រឡង ២២ សីហា ២០១៦ ប្រព្រឹត្តិរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន ៩៣ ៧៥២នាក់ មានមណ្ឌលប្រឡងសរុបចំនួន១៥៧ ចែកចេញជា ៣៧៨២បន្ទប់ នៅរាជធានីខេត្តទាំង២៥ ទូទាំងប្រទេស។
ចំណែកលទ្ធផលនៃការប្រឡង នឹងប្រកាសជូននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែក បណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕
មតិយោបល់