ព័ត៌មានអន្តរជាតិ

ហ៊ានប្លន់ដល់យន្តហោះ ប៉ុន្តែខ្លាចប៉ូលិសបាញ់!

​ម៉ាល់ត៍ៈ ចោរ​ប្លន់យន្តហោះ​លីប៊ី​ពីរ​នាក់ ​បានចូល​ប្រគល់​ខ្លួន​ឲ្យប៉ូលិស​ កាល​ពី​ថ្ងៃ​សុក្រ ​បន្ទាប់​ពី​យន្តហោះ​បាន​ចុះ​នៅ​លើកោះម៉ាល់ត៍​ ហើយ​បាន​ដោះ​លែងចំណាប់​ខ្មាំង​ទាំងអស់ ​នៅលើ​យន្តហោះ​នោះ ​នេះ​តាម​ការ​បញ្ជាក់​របស់នាយករដ្ឋ​មន្រ្តី​​ប្រទេស​ម៉ាល់ត៍ ​លោក Joseph Muscat ។

លោក Muscat បាននិយាយថា កាល​ពី​ពេល​ថ្មីៗនេះ ​ចោរ​ប្លន់​យន្តហោះ​ពីរនាក់ បាន​គំរាម​កំហែង​បំផ្ទុះ​យន្តហោះ​ដោយ​គ្រាប់​បែក​ដៃ មកទល់ពេលនេះ ​ត្រូវប៉ូលិស​ចាប់បានហើយ ដោយ​រក​ឃើញ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​ និង​កាំភ្លើង​ខ្លី​មួយ​ដើម ​នៅ​នឹងខ្លួន​របស់​ចោ​រ​​​ ហើយ​ការ​ឆែកឆេរ​បន្ថែម​ទៀត នៅ​លើ​យន្តហោះ​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម​ទៀត។

លោក​បាន​និយាយ​ទៀត​ថា អាកាស​យានិក​និង​អ្នក​ដំណើរ​ផ្សេង​ទៀត​ ក៏​បាន​ត្រូវ​សួរ​ចម្លើយ​ដើម្បី​ពិនិត្យបន្ថែម។ នៅ​ពេល​ដែល​ដំណើរការ​សួរ​ចម្លើយចប់ ​ក្នុងរយៈ​ពេល​៣-៤ម៉ោង​ ​​អ្នក​ដំណើរ ​និង​អាកាស​យានិក ត្រូវបានគេ​រៀប​ចំ​​ ដើម្បី​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​លីប៊ី​វិញ​ តាម​យន្តហោះ​មួយ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Afriqiyah Airways ​ដែល​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កាន់​កាប់​ដោយ​រដ្ឋ​នៅ​ក្នុង​ប្រទេស​លីប៊ី។

លោក​នាយករដ្ឋ​មន្រ្តី​ក៏​បាន​និយាយ​ដែរ​ថា ​ពួក​អាជ្ញាធរ​ម៉ាល់ត៍ បាន​បញ្ជាក់​ប្រាប់​ពួក​ចោរ​ប្លន់​យន្តហោះ​យ៉ាង​ច្បាស់​ថា ​ពួក​អាជ្ញាធរ​គ្មាន​បំណង​ធ្វើ​ការ​ចរចា​ទេ ​ប្រសិន​បើចោរប្លន់​ទាំង​ពីរ​នាក់​នោះ​ មិន​ព្រមប្រគល់ខ្លួន​តាមសម្រួលនោះ៕
ប្រភពព័ត៌មានពី BBC៖

មតិយោបល់