អ៊ីរ៉ាក់ : ការបំផ្ទុះគ្រាប់បែកនៅជុំវិញទីក្រុងបាដាដបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១១ នាក់ និងរងរបួស ៣៤ នាក់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់នេះ កើតឡើងនៅស្រុក Nahrawan និងស្រុក Suwaib ភាគអាគ្នេយ៍នៃទីក្រុងបាដាដ ជាទីដែលពួកភេរវករអនុវត្តការបំផ្ទុះគ្រាប់បែកនៅគោលដៅតំបន់ពាណិជ្ជកម្ម។
ក្រុមមន្ត្រីពេទ្យបានបញ្ជាក់ថា តួលេខស្លាប់ និងរបួសត្រូវបានកំណត់អត្តសញ្ញាណហើយ ប៉ុន្តែ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យបញ្ចេញព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ។
សូមជំរាបថា គ្មានក្រុមណាមួយបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
មតិយោបល់