ព័ត៌មានអន្តរជាតិ

ប៉ូលិសម៉ាទ្បេស៊ី៖ ស្ត្រីពីរនាក់ជាជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ជាជនជាតិវៀតណាម

ម៉ាទ្បេស៊ីៈ ករណីឃាតកម្មលើបងប្រុសមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង គឺលោក គីម ជុងណាំ ប៉ូលិសម៉ាទ្បេស៊ី អះអាងថា បានចាប់ខ្លួនអ្នកបើកតាក់ស៊ីម្នាក់ បន្ទាប់ពីគាត់បានដឹកស្ត្រីពីរនាក់​ដែលជាជនសង្ស័យនៅពីក្រោយការសម្លាប់បងប្រុសលោក គីម ជុងអ៊ុន នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ។ នេះបើយោងតាមរយៈ សារព័ត៌មាន telegraph ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក គីម ជុងណាំ អាយុ ៤៥ ឆ្នាំ បានស្លាប់កាលពីថ្ងៃចន្ទ ក្រោយពីលោកបានដួលនៅព្រលានយន្តហោះអន្តរជាតិ ទីក្រុងគូឡាឡាំពួ ខណៈដែលកំពុងរង់ចាំជើងហោះបរទេសត្រឡប់ទៅកាន់ទីក្រុងម៉ាកាវ ជាកន្លែងដែលគាត់រស់ ក្រោយពីការនិរទេសខ្លួន។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីវីដេអូ CCTV ត្រូវបានវិភាគ និងធ្វើការស្វែងរកមុខសញ្ញា ស្ត្រីពីរនាក់នោះ ដោយប៉ូលិស។

មន្ត្រីប៉ូលិសជាន់ខ្ពស់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា «យើងបានមើលរួចហើយ តាមរយៈវីដេអូ CCTV ដែលជាហេតុនាំឲ្យមានការចាប់ខ្លួន អ្នកបើកតាក់ស៊ី បន្ទាប់ពីក្នុងរូបភាពបានបង្ហាញថា គាត់បានដឹកស្ត្រីជាជនសង្ស័យឃាតករពីរនាក់នោះ នៅព្រលានយន្តហោះ»។

ផ្អែកតាមការសួរចម្លើយអ្នកបើកតាក់ស៊ី និងវីដេអូ CCTV ប៉ូលិសបានជឿថា ស្ត្រីពីរនាក់នោះជាជនជាតិវៀតណាម៕

មតិយោបល់