អាមេរិកៈ លោក James Mattis រដ្ឋមន្រ្តីការពារប្រទេសអាមេរិក កាលពីថ្ងៃពុធ បានស្វះស្វែងដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់អង្គការណាតូ (NATO) ដោយបានប្រាប់ពីការតាំងចិត្តរបស់អាមេរិកស្ដីពីសន្តិសុខ នៅក្នុងសហភាពអឺរ៉ុប។ លោក Mattis មានប្រសាសន៍ថា សម្ព័ន្ធភាពខាងយោធាជាស្នូលកណ្តាលនៃទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Mattis បាននិយាយនៅក្នុងជំនួបលើកទី១ ជាមួយរដ្ឋមន្រ្តីការពារប្រទេសរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ក្នុងប្រទេសប៊ែលហ្សិកថា «សម្ព័ន្ធភាពនេះ នៅតែជាគ្រឹះដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិក និងសម្រាប់សហគមន៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទាំងអស់»។
សមាជិករបស់អង្គការណាតូ មើលឃើញសន្និសីទនេះថា ជាឱកាសដើម្បីបញ្ចាក់ឡើងវិញ ពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់សន្តិសុខនៅតំបន់អឺរ៉ុប។
ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករាមក របស់ប្រធានាធិបតីអាមេរិកលោក ត្រាំ មិនសូវរិះគន់អង្គការណាតូទេ ប៉ុន្តែលោកបានបន្តរិះគន់សមាជិកខ្លះ ចំពោះការខកខានមិនបានរួមវិភាគទានខាងហិរញ្ញវត្ថុឲ្យបានពេញលេញ និងត្រឹមត្រូវដល់អង្គការណាតូ។
ប្រទេសនៅអឺរ៉ុប និងកាណាដាដែលជាសមាជិកអង្គការណាតូ បានបង្កើនការចំណាយខាងវិស័យការពារប្រទេសប្រហែល១០ពាន់លានដុល្លារកាលពីឆ្នាំទៅ ក៏ប៉ុន្តែលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ចំនួននេះ មិនទាន់គ្រប់គ្រាន់ទេ។
សូមជំរាបថា ប្រទេសដែលចូលជាសមាជិកអង្គការ រួមមានអាល់បានី (ឆ្នាំ២០០៩) បែលហ្ស៊ិក (ឆ្នាំ ១៩៤៩)
ប៊ុលហ្គារី (២០០៤) ប្រទេសកាណាដា (១៩៤៩) ក្រូអាស៊ី (២០០៩) សាធារណរដ្ឋឆែក (1៩៩៩)
ដាណឺម៉ាក (ឆ្នាំ ១៩៤៩) អេស្តូនី (២០០៤) ប្រទេសបារាំង (១៩៤៩) ប្រទេសអាល្លឺម៉ង់ (១៩៥៥)
ក្រិច (១៩៩២) ហុងគ្រី (១៩៩៩) អ៊ីស្លង់ (១៩៤៩) ប្រទេសអ៊ីតាលី (១៩៤៩) ឡាវា (២០០៤)
លីទុយអានី (២០០៤) លុចសំបួ (១៩៤៩) ហូល្លង់ (១៩៤៩) ប្រទេសន័រវេស (១៩៤៩) ប៉ូឡូញ (១៩៩៩) ព័រទុយហ្គាល់ (១៩៤៩) រូម៉ានី (២០០៤) ស្លូវ៉ាគី (២០០៤) ស្លូវេនី (២០០៤) អេស្ប៉ាញ (១៩៨២)
ទួរគី (១៩៥២) ចក្រភពអង់គ្លេស (១៩៤៩) និងសហរដ្ឋអាមេរិក (១៩៤៩) ៕
មតិយោបល់