អាមេរិកៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការអង្គការណាតូ ក្នុងក្រុងប្រ៊ុចសែល លោក Jim Mattis រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានលើកទ្បើងថា អាមេរិកនឹងច្រានចោលកិច្ចសហប្រតិបត្តិយោធារវាងប្រទេសខ្លួន និងរុស្ស៊ី ដោយសារតែស្ថានការមិនសូវល្អនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Mattis បានមានប្រសាសន៍ថា យើងមិនស្ថិតក្នុងជំហរមួយ ដើម្បីសហការផ្នែកយោធាជាមួយរុស្ស៊ីទេ ហើយ
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ចំណុចទាបបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក ដោយសារតែការចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថា បានពាក់ព័ន្ធនឹងការបោះឆ្នោតរបស់អាមេរិកកាលពីឆ្នាំមុន និងភាពគឃ្លើនរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
លោក Mattis បាននិយាយថា មុនពេលមានកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងរុស្ស៊ី រដ្ឋាភិបាលក្រុងមូស្កូត្រូវបង្ហាញថា ខ្លួនអាចអនុវត្តស្របតាមច្បាប់អន្តរជាតិឲ្យបានសិន។
លោក Mattis បានធ្វើអត្ថាធិប្បាយដូច្នេះ បន្ទាប់ពីរដ្ឋមន្ត្រីការពារប្រទេសរបស់រុស្ស៊ី លោក Sergei Shoigu បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការស្តារកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងការពារប្រទេសរបស់អាមេរិក៕
លោក Sergei Shoigu
លោក Jim Mattis
មតិយោបល់