អាមេរិកៈ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធ បានចោទប្រកាន់រុស្ស៊ីថា រំលោភលើសន្ធិសញ្ញាគ្រប់គ្រងអាវុធ ដោយលួចដាក់ពង្រាយមីស៊ីល cruise នៅទីតាំងមូលដ្ឋានដីមួយកន្លែង ខណៈដែលពាក្យបណ្តឹងនេះ ត្រូវបានវិមានក្រឹមទ្បាំងធ្វើការបដិសេធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។
វាជាលើកទីមួយហើយ ដែលយោធាអាមេរិក បានចោទប្រទេសរុស្ស៊ីជាសាធារណៈ ពីបទរំលោភសន្ធិសញ្ញា INF ឆ្នាំ១៩៨៧ ស្ដីអំពីកម្លាំងអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម រវាងប្រទេសទាំងពីរ ដែលបានហាមឃាត់ការធ្វើការផលិត និងបាញ់សាកល្បងអាវុធមីស៊ីលផ្លោងរយៈមធ្យម មានមូលដ្ឋាននៅលើដី។
ថ្លែងនៅក្នុងវិមានរដ្ឋសភា Capitol Hill ឧត្តមសេនីយ៍ Paul Selva នាយអគ្គសេនាធិការរងកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការដាក់ពង្រាយកាំជ្រួចនៅនឹងដី គឺបានរំលោភដល់សន្ធិសញ្ញាឆ្នាំ១៩៨៧។ ដោយលោកអះអាងថា រុស្ស៊ី បានដាក់ពង្រាយវាជាសម្ងាត់ ក្នុងចេតនាដើម្បីបង្កការគំរាមកំហែងដល់អង្គការណាតូ។
ជុំវិញបញ្ហានេះដែរ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានអះអាងថា កាលពីខែមុន រុស្ស៊ីបានលួចដាក់ពង្រាយមីស៊ីល cruise ជាសម្ងាត់នោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់នេះ ដោយលើកទ្បើងថា «ប្រទេសរុស្ស៊ីនៅតែរក្សា និងប្ដេជ្ញាចំពោះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀង INF ផងដែរ»៕

មតិយោបល់