ព័ត៌មានអន្តរជាតិ

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធយោធារួម បន្ទាប់ពីការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េៈ ទីភ្នាក់ងារយ៉ុនហាប បានរាយការណ៍ថា សមយុទ្ធត្រីភាគីរួមគ្នាប្រឆាំងមីស៊ីល ត្រូវបានធ្វើឡើងនៅក្នុងសមុទ្រជប៉ុន ដោយមានការចូលរួមពីនាវាពិឃាដធំបំផុត Sejong the Great របស់កូរ៉េខាងត្បូង, Kirishima របស់ជប៉ុន និង Curtis Wilbur របស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ការគំរាមកំហែងកាំជ្រួចមីស៊ីលឆ្លងទ្វីប ពីសំណាក់ប្រទេសកូរ៉េខាងជើង។ ​នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

ការធ្វើសមយុទ្ធនេះ បានធ្វើទ្បើងនៅសប្តាហ៍ទីពីរប៉ុណ្ណោះ បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលឆ្លងទ្វីបចំនួនបួនគ្រាប់ របស់កូរ៉េខាងជើង កាលពីពេលថ្មីនេះ ដែលមានសមត្ថភាព អាចវាយប្រហារដល់ទីបញ្ជាការយោធាអាមេរិក នៅក្នុងប្រទេសជប៉ុន។

កាលពីឆ្នាំមុនប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរចំនួនពីរលើក និងការបាញ់សាកល្បងមីស៊ីលផ្លោង ជាច្រើនគ្រាប់ ហើយក៏ធ្លាប់ត្រូវបានអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មផងដែរ ពាក់ព័ន្ធនឹងការធ្វើតេស្តនុយក្លេអ៊ែរ ចំនួនបីលើក នៅក្នុងឆ្នាំ ២០០៦, ២០០៩ និង ២០១៣ ។

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច ក្នុងការដាក់ទណ្ឌកម្មថ្មីមួយទៀត ដើម្បីរឹតបន្តឹងលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕

មតិយោបល់