កូរ៉េៈ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឹនហេ បានធ្វើការសុំទោស ចំពោះប្រជាពលរដ្ឋខ្លួន នៅថ្ងៃអង្គារនេះ ខណៈដែលលោកស្រី បានមកដល់ការិយាល័យរដ្ឋអាជ្ញា ដើម្បីសួរចម្លើយ ក្នុងនាមជាជនសង្ស័យបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
នៅមុខប្រព័ន្ធផ្សព្វផ្សាយ ក្នុងអគារការិយាល័យ សេចក្តីអធិប្បាយដំបូងដោយផ្ទាល់ជាសាធារណៈ ចាប់តាំងពីត្រូវបានគេបណ្តេញចេញពីតំណែងប្រធានាធិបតី នៅថ្ងៃទី ១០ ខែមីនា លោកស្រី ផាក បាននិយាយថា «ខ្ញុំពិតជាមានការសោកស្តាយខ្លាំងបំផុត សម្រាប់ប្រជាជន។ ខ្ញុំនឹងសហការដោយស្មោះ ជាមួយការសាកសួរពីរដ្ឋអាជ្ញា»។
លោកស្រី ផាក អាយុ ៦៥ឆ្នាំ បានក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់កូរ៉េខាងត្បូង ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ហើយត្រូវបានតុលាការធម្មនុញ្ញ បោះឆ្នោតចោទប្រកាន់ និងបណ្ដេញចេញពីតំណែង។
គួរបញ្ជាក់ដែរថា លោកស្រី ផាក ត្រូវបានគេចោទប្រកាន់ពីបទឃុបឃិតជាមិត្តភក្តិ គឺលោកស្រី Choi Soon-Sil ក្នុងការកិបកេងប្រាក់រាប់លានដុល្លារពីអាជីវកម្ម សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ រួមទាំងការផ្ដល់សិទ្ធិឲ្យលោកស្រី Choi នូវការចូលទៅកាន់ឯកសារសម្ងាត់បំផុតរបស់រដ្ឋាបាលទៀតផង៕
មតិយោបល់