ព័ត៌មានអន្តរជាតិ

លោក គីម ចង់ជួបចរចាជាមួយលោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលលើកទី ២ ដើម្បីពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែរ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចង់ឲ្យមានជំនួបកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលឆាប់ៗខាងមុននេះ ដើម្បីពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

លោក មូន បានបញ្ជាក់ថា លោក និងលោកគីម បានចំណាយពេលភាគច្រើន នៅក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេលបីថ្ងៃ គឺដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ត្រដោះស្រាយភាពជាប់គាំង និងការចាប់ផ្តើមកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ រវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន ដែលមានភាពមិនចុះសម្រុងគ្នាកន្លងមក ដែលវាគួរតែជាជំហានដំបូង ត្រូវធ្វើមុនការរំសាយអាវុធនុយក្លេអ៊ែរ ឬការបញ្ចប់សង្គ្រាម។

លោក គីម ដែលកាលពីពេលថ្មីៗនេះបានស្នើឲ្យមានកិច្ចប្រជុំកំពូលមួយទៀត ជាមួយលោក ត្រាំ បន្ទាប់ពីកិច្ចចរចាកាលពីខែមិថុនា ដែលមិនធ្លាប់មានពីមុនមករបស់ពួកគេ នៅក្នុងប្រទេសសិង្ហបុរី ដោយបាននិយាយថា កូរ៉េខាងជើងមានបំណង រុះរើជាអចិន្ត្រៃយ៍នូវទីតាំងសាកល្បងមីស៊ីល និងមជ្ឃមណ្ឌនុយក្លេអ៊ែរសំខាន់ៗ នៅក្រុង Yongbyon បើសិនអាមេរិក យល់ព្រមធ្វើការដោះស្រាយបញ្ហានេះរួមគ្នា។

ពាក់ព័ន្ធនឹងការលើកទ្បើងនេះ លោក មូន បានបង្ហាញក្ដីសង្ឃឹមថា ជំនួបកំពូលទី ២ ជាមួយនឹងលោក ត្រាំ នឹងប្រព្រឹត្តទៅនាពេលអនាគត ដើម្បីជំរុញដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ បានឆាប់រហ័ស៕

មតិយោបល់