ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកមួយ នៅកណ្ដាលទីក្រុងបាងកក មុនថ្ងៃចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី

ថៃៈ គ្រាប់បែកបំពង់តូចមួយ ត្រូវបានផ្ទុះទ្បើង នៅក្បែរទីតាំងនិមិត្តរូបមួយ ក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ នៅមុនថ្ងៃព្រះមហាក្សត្រ Maha Vajiralongkorn ឡាយព្រះហស្ថហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី ដែលនឹងអនុញ្ញាតឲ្យមានការបោះឆ្នោតមួយ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធា នៅក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ ០៦ ខែមេសា ឆ្នាំ២០១៧។

ប៉ូលិសបាននិយាយថា ឧបករណ៍បំផ្ទុះ បានផ្ទុះនៅខាងក្នុងធុងសំរាម នាកណ្តាលទីក្រុងជិតទៅនឹងវិមាន ប្រជាធិបតេយ្យ ជាកន្លែងប្រមូលផ្តុំសម្រាប់ធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេលជាច្រើន ទសវត្សរ៍មកហើយ។

បុគ្គលិកអនាម័យតាមផ្លូវពីរនាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្រោយទទួលរងបញ្ហាត្រចៀករបស់ពួកគេ បន្ទាប់ពីហេតុការណ៍ផ្ទុះនេះ ប៉ុន្តែមិនមានអ្នករងរបួសផ្សេងទៀតនោះទេ។

ប្រធានប៉ូលិសក្រុងបាងកក លោក Chaktip Chaijinda បានប្រាប់ ភ្នាក់ងារ Reuters ថា «វាមិនមែនជាអំពើភេរវកម្ម ឬជាទង្វើបង្កឲ្យមានភាពចលាចល ក្នុងប្រទេសទ្បើយ»។

រហូតមកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវ នៅក្នុងការវាយប្រហារនេះទេ ហើយខាងរដ្ឋាភិបាលក៏មិនបានបញ្ជាក់អ្វីទាំងអស់ ដោយទំនងជាត្រូវទទួលរងការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះករណីផ្ទុះនេះ៕

មតិយោបល់