កូរ៉េៈ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចយល់ព្រម បន្ទាប់មានការ ទំនាក់ទំនងតាមទូរស័ព្ទមួយ ដោយបានអះអាងថា នឹងបន្តជាមួយការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីល កម្រិតខ្ពស់របស់អាមេរិក ដែលត្រូវបានគេស្គាល់ថា THAAD តាមការគ្រោងទុក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក H.R. McMaster បាននិយាយទៅកាន់សមភាគីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង និងជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងចិនផងដែរ។
កាលពីព្រឹកថ្ងៃពុធ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសជប៉ុន ដោយបានធ្វើវាទ្បើងរយៈពេលមុនមួយថ្ងៃ នៃកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតី អាមេរិក និងចិន។
សូមជំរាបថា ក្រុងព្យុងយ៉ាង កំពុងស្វែងរកការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារ ដល់ដីគោកអាមេរិក ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរមួយ៕
មតិយោបល់