ព័ត៌មានអន្តរជាតិ

ផ្ទុះការវាយប្រហារគ្រាប់បែក និងកាំភ្លើង នៅភាគខាងត្បូងប្រទេសថៃ

ថៃ: ការវាយប្រហារដោយកាំភ្លើង រួមទាំងគ្រាប់បែកដៃ នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សពីរនាក់ ដែលវាកំពុងឆ្លុះបញ្ចាំងពីភាពតានតឹង នៅលើកិច្ចពិភាក្សា ដើម្បីបញ្ចប់អំពើហិង្សានៅទីនោះ ខណ:ក្រុមឃ្លាំមើលជម្លោះ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយព្រមានថា ហេតុការណ៍វាយប្រហារនេះ នឹងបន្តកើតមានដដែល នៅក្នុងពេលអនាគត។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

ភាគខាងត្បូងប្រទេសថៃ បានកើតមានចលនាវាយប្រយុទ្ធ ដោយក្រុមបះបោរបំបែកខ្លួន ចាប់តាំងពីឆ្នាំ ២០០៤ មកម្លេះ នៅពេលរដ្ឋាភិបាលបានអនុម័តច្បាប់ ដែលមានលក្ខណ:បែបពុទ្ធសាសនា ទៅដាក់នៅតំបន់ម៉ូស្លីមនោះ ហើយរហូតមកទល់ពេលនេះ មនុស្សជាង ៦.៥០០ នាក់ហើយ ដែលភាគច្រើនជាជនស៊ីវិល បានស្លាប់នៅក្នុងអំពើហិង្សា ចាប់តាំងពីការផ្ទុះចលនាបំបែកខ្លួននោះមក។

តាមរបាយការណ៍ កាលពីថ្ងៃពុធ បានឲ្យដឹងថា មនុស្សប្រាំបីនាក់ បានរងរបួស ក្នុងឧបទ្ទវហេតុ ១៣ នៅទូទាំងខេត្ត Narathiwat, Pattani និងខេត្ត Songkhla ស្ថិតនៅក្បែរព្រំដែនប្រទេសម៉ាឡេស៊ី ហើយពាក់ព័ន្ធនឹងការវាយប្រហារ នេះដែរ ពុំទាន់មានក្រុមណាមួយ បានអះអាងទទួលខុសត្រូវនៅឡើយទេ។

ការវាយប្រហារនេះ បានកើតទ្បើងបន្ទាប់ពីរដ្ឋាភិបាលថៃ ធ្វើការបដិសេធលក្ខខណ្ឌ សម្រាប់ការចរចាសន្តិភាពមួយ ដែលបានបង្កើតឡើង ដោយមេក្រុមឧទ្ទាម BRN នៅក្នុងខែនេះ៕

មតិយោបល់