ព័ត៌មានអន្តរជាតិ

ក្ដៅគគុក! កូរ៉េខាងជើង គំរាមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃអាទិត្យ បាននិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើការវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីបង្ហាញពីសក្ដានុពលយោធារបស់ខ្លួន បន្ទាប់ពី នាវាពិឃាតជប៉ុនពីរគ្រឿង បានចាប់ផ្តើមធ្វើសមយុទ្ធ ជាមួយក្រុមនាវាផ្ទុកយន្តហោះ Carl Vinson ដែលដឹកក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ធ្វើដំណើរឆ្ពោះមកកាន់ភាគលិចតំបន់ប៉ាស៊ីហ្វីក កៀកនឹងដែនទឹកនៅជុំវិញឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យនាវា USS Carl Vinson ដឹកក្រុមកងកម្លាំងវាយប្រហារ ជើងទឹកអាមេរិក ធ្វើដំណើរតាមដែនទឹក ឆ្ពោះមកឧបទ្វីបកូរ៉េ ដើម្បីជាការឆ្លើយតបទៅនឹងភាពតានតឹងកើនឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តលើមីស៊ីលរបស់កូរ៉េខាងជើង ខណៈដែលប្រទេសនេះ បានគំរាមកំហែងធ្វើវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ីរបស់ខ្លួន។

រដ្ឋាភិបាលអាមេរិក នៅមិនទាន់បានបញ្ជាក់អំពីកន្លែង ដែលក្រុមកងកម្លាំងវាយប្រហារជើងទឹកខ្លួន ត្រូវឈរជើងនោះទេ ខណៈដែល USS Carl Vinson នឹកមកជិតតំបន់នោះ។ លោក Mike Pence អនុប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ បាននិយាយថា វានឹងមកដល់នៅពេលឆាប់ៗ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតផ្សេងទៀតអំពីវាទ្បើយ។

គួរបញ្ជាក់ដែរថា នាវាពិឃាតជប៉ុនពីរគ្រឿង ឈ្មោះ Samidare និង Ashigara បានចាកចេញពីភាគខាងលិច ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ដើម្បីចូលរួមជាមួយ Carl Vinson នៅក្នុងការបង្ហាញពីសាមគ្គីភាពមួយ ខណ:ដែលអាមេរិក កំពុងប្រឈមមុខនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តមីស៊ីល ដ៏រឹងទទឹងរបស់ប្រទេសមួយនេះ៕

មតិយោបល់