អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានទទូចថា លោកមិនបានស្ថិត នៅក្រោមការស៊ើបអង្កេតទេ ខណៈដែលលោកបានបញ្ឈប់ប្រធាន FBI ដោយការបណ្ដេញចេញពីតំណែងនោះ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងទូរទស្សន៍ NBC News លោក ត្រាំ បានប្រាប់ផងដែរថា វាជាការសម្រេចចិត្តរបស់លោកតែម្នាក់ឯងប៉ុណ្ណោះ ពាក់ព័ន្ធនឹងការបណ្ដេញលោក James Comey ចេញពីតំណែង។
លោក Richard Burr ប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភា សម្រាប់ការស៊ើបអង្កេត បាននិយាយថា លោកមានការមិនពេញចិត្តចំពោះពេលវេលា និងមូលហេតុដែលបញ្ឈប់ការងាររបស់លោក Comey។ លោកបានហៅការបញ្ឈប់នេះថា «ជាការបាត់បង់មួយ សម្រាប់ការិយាល័យ និងប្រទេសជាតិ»។
លោក Comey គឺជាអ្នកដែលបានដឹកនាំការស៊ើបអង្កេតមួយ ជុំវិញបទចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក និងការឃុបឃិតគ្នា ដែលទំនងជាត្រូវបានធ្វើទ្បើង រវាងមន្ត្រីយុទ្ធនាការ របស់លោក ត្រាំ និងទីក្រុងម៉ូស្គូ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ត្រាំ បានច្រានចោលចំពោះការស៊ើបអង្កេតនេះ ដោយបានលើកទ្បើងថា គ្មានភាពប្រាកដនិយម។
គួរបញ្ជាក់ដែរថា នៅក្នុងបទសម្ភាសលើកដំបូង តាមទូរទស្សន៍ NBC News របស់លោក ត្រាំ ចាប់តាំងពីការបញ្ឈប់ប្រធាន FBI លោកបានបញ្ជាក់ថា ខ្លួនលោកដូចជាមិនមានអ្វី ត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតនោះទេ៕
មតិយោបល់