ប្រធានាធិបតីប្រេស៊ីល លោក Michel Temer បានច្រានចោលរបាយការណ៍កាសែតមួយ ដែលបានចោទប្រកាន់ថា លោកអាចនឹងបង់ប្រាក់ ដើម្បីបំបិទមាត់សាក្សី នៅក្នុងការស៊ើបអង្កេតរឿងក្ដីអំពើពុករលួយមួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
លោក Michel Temer ត្រូវបានចោទប្រកាន់ថា បានផ្តល់ប្រាក់ខុសច្បាប់ ដល់អតីតអ្នកនាំពាក្យសភាជាន់ទាប នៃសភាប្រេស៊ីល គឺលោក Eduardo Cunha ក្នុងគោលបំណងដើម្បីបំបិទមាត់សាក្សី។
សូមជំរាបថា លោក Cunha ត្រូវបានកាត់ទោស កាលពីខែមីនាឲ្យជាពន្ធនាគាររយៈពេល ១៥ ឆ្នាំ ពាក់ព័ន្ធនឹងអំពើពុករលួយនៃការលាងលុយកខ្វក់ និងការគេចវេសបង់ពន្ធ។
គួរបញ្ជាក់ដែរថា បទចោទប្រកាន់ប្រឆាំងនឹងលោក Temer នេះ ត្រូវបានធ្វើឡើងដោយកាសែត O Globo៕
មតិយោបល់