កូរ៉េៈ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជាមនុស្សវិកលចរិក ចំពេលដែលភាពតានតឹងបានកើនឡើង បន្ទាប់ពីការស្លាប់និស្សិតអាមេរិកឈ្មោះ Otto Warmbier ដែលត្រូវបានដោះលែងឲ្យត្រលប់ទៅស្រុកកំណើតវិញ ដោយរដ្ឋាភិបាលកូរ៉េខាងជើង កាលពីសប្ដាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។
កាសែតផ្លូវការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង Rodong Sinmun បាននិយាយថា «ប្រធានាធិបតី ត្រាំ កំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនៅឯអាមេរិក និងបានអះអាងថា លោកបានព្យាយាមបង្វែរវិបត្តិនយោបាយ ក្នុងប្រទេសខ្លួន ដោយទាញចំណាប់អារម្មណ៍ឲ្យគេងាកមកមើលបញ្ហាកូរ៉េខាងជើងវិញ»។
ប្រភពដដែរ បានបន្ថែមថា «កូរ៉េខាងត្បូង ត្រូវតែដឹងថា ការដើរតាមមនុស្សវិកលចរិកដូចលោក ត្រាំ នឹងនាំឲ្យមានគ្រោះមហន្តរាយ»។
គួរបញ្ជាក់ដែរថា ការធ្វើតេស្តបាញ់មីស៊ីលជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំមុនរបស់កូរ៉េខាងជើង បានបង្កើនភាពតានតឹង នៅលើឧបទ្វីបកូរ៉េ ហើយបូករួមទាំងការស្លាប់និស្សិតអាមេរិកថ្មីៗនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន កាន់តែទ្បើងកម្ដៅបន្ថែមទៀត៕
មតិយោបល់