ហ្វីលីពីនៈ មហាសន្និបាតហ្វីលីពីន នៅថ្ងៃសៅរ៍នេះ បានរៀបចំសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតគាំទ្រដល់ប្រធានាធិបតីលោក Rodrigo Duterte បន្តដាក់ច្បាប់អាជ្ញាសឹកឲ្យយូរជាងមុន នៅភាគខាងត្បូងប្រទេស ក្នុងគោលបំណង ដើម្បីកម្ចាត់ខ្មាន់កាំភ្លើងរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
លោក Duterte ត្រូវបានគេរំពឹងថា នឹងទទួលបានការអនុម័តច្បាប់អាជ្ញាសឹកបន្តទៀត នៅក្នុងតំបន់ដែលកំពុងមានជម្លោះ រហូតដល់ចុងឆ្នាំនេះ បន្ទាប់ពីកងទ័ពរដ្ឋាភិបាល បានបរាជ័យក្នុងការដណ្ដើមយកទីក្រុងម៉ារ៉ាវី ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលពីរខែកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ពួកយោធាបានអះអាងថា សល់តែក្រុមខ្មាន់កាំភ្លើងរដ្ឋអ៊ីស្លាមប្រហែល ៦០ នាក់ទៀតប៉ុណ្ណោះ កំពុងស្ថិតនៅក្នុងតំបន់នៃទីក្រុងម៉ារ៉ាវី ដែលមានផ្ទៃដី ៤៩ ហិកតា ប៉ុន្តែលោក Duterte បាននិយាយថា លោកត្រូវការអំណាចច្បាប់អាជ្ញាសឹក ដើម្បីកសាងទីក្រុងមួយនេះទ្បើងវិញ និងធានាឲ្យបានថា ពិតជាគ្មានសង្រ្គាមរីករាលដាល នៅកន្លែងផ្សេងទៀត។
សូមជំរាបថា កាលពីថ្ងៃសុក្រ លោក Duterte បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពពេលនេះ មិនទាន់អាចឲ្យលោកដាក់ការខិតខំប្រឹងប្រែងចុះបានទេ ដោយលោកបានបន្ថែមថា យោធាត្រូវតែធ្វើប្រតិបត្តិការរបស់ពួកគេបន្តទៀត សូម្បីតែបន្ទាប់ពីពួកគេដណ្ដើមយកទីក្រុងម៉ារ៉ាវីបានវិញក៏ដោយ៕
មតិយោបល់