ជប៉ុនៈ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះ បានជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវតែចាត់វិធានការបន្ថែមទៀត ទៅលើរដ្ឋាភិបាលកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថា ចិនត្រូវតែសម្រេចចិត្តថាតើខ្លួនមានឆន្ទៈ ក្នុងការដាក់ទណ្ឌកម្មដ៏ខ្លាំងជាងមុន ទៅលើក្រុងព្យុងយ៉ាងដែរឬទេ ពាក់ព័ន្ធនឹងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកពីររបស់កូរ៉េខាងជើង នៅក្នុងខែនេះ ។
មកទល់ពេលនេះ គេសង្កេតឃើញថា បើទោះបីមានដំណោះស្រាយថ្មីៗ ជាច្រើនពីក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ យ៉ាងណាក៏ដោយ ប៉ុន្តែហាក់មិនបង្កើនសម្ពាធលើរបបមួយនេះបន្តិចទ្បើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Nikki Haley បានបន្ថែមថា ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវតែរួមគ្នា ធ្វើការទប់ស្កាត់សកម្មនេះ បន្ថែមទៀតផងដែរ។
សូមជំរាបថា បន្ទាប់ពីការសន្ទនាជាមួយលោក ត្រាំ រួច លោក អាបេ បានប្រាប់ក្រុមអ្នកកាសែតថា «កិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀត របស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ជាមួយកូរ៉េខាងជើង គឺមិនទាន់ទទួលបានផ្លែផ្កានៅទ្បើយទេ ខណៈដែលការប្រឈមនៅតែកើនឡើង។
ក្នុងនោះលោក អាបេ បានបញ្ជាក់ទៀតថា «សង្គមអន្ដរជាតិ រួមទាំងប្រទេសរុស្ស៊ី និងចិន ចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក៏ដូចជាបង្កើនសម្ពាធលើទីក្រុងព្យុងយ៉ាងជាចាំបាច់»៕


មតិយោបល់