ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំវេណេហ្ស៊ូអេឡា

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ បានធ្វើការដាក់ទណ្ឌកម្ម ទៅលើប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីរដ្ឋបាលមួយនេះ បានធ្វើសន្និបាតរដ្ឋធម្មនុញ្ញជាតិថ្មីមួយ (ANC) កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។

សេចក្តីថ្លែងរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដកស្រង់សម្តីរបស់លោក Steven Mnuchin បានឲ្យដឹងថា «តាមរយៈការដាក់ទណ្ឌកម្មនេះ អាមេរិកគឺចង់បង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការជំទាស់របស់ខ្លួន ចំពោះគោលនយោបាយនៃរបបរបស់លោក ម៉ាឌូរ៉ូ ។

សេចក្តីថ្លែងការណ៍ដដែរ ក៏បានព្រមានទៀតថា នរណាក៏ដោយ ដែលចូលរួមក្នុងសន្និបាតរដ្ឋធម្មនុញ្ញជាតិ (ANC) គឺអាមេរិកអាចនឹងដាក់ទណ្ឌកម្មពួកគេដូចគ្នាផងដែរ នាពេលខាងមុខ។

សូមជំរាបថា សម្រាប់ការដាក់ទណ្ឌកម្មនេះ គឺទ្រព្យសម្បត្តិទាំងអស់របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ហើយបន្ថែមពីនោះទៀត រាល់មនុស្សទាំងអស់នៅអាមេរិក ត្រូវបានហាមឃាត់ មិនឲ្យទាក់ទងជាមួយលោកទ្បើយ។

គួរបញ្ជាក់ដែរថា បើទោះជាមានការជំទាស់ពីគណបក្សប្រឆាំង នៅក្នុងប្រទេស និងការដាក់ទណ្ឌកម្មរបស់អាមេរិក យ៉ាងណាក៏ដោយ ក៏សន្និបាតរដ្ឋធម្មនុញ្ញជាតិថ្មីមួយ ត្រូវបានបង្កើតឡើងតាមការចង់បានរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីលោកបានអះអាងពីជ័យជម្នះក្នុងការបោះឆ្នោត៕

មតិយោបល់