អាមេរិកៈ សមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋ លោក Lindsey Graham បាននិយាយថា អាមេរិក នឹងប្រើជម្រើសយោធា ដើម្បីធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ដែលនឹងធ្វើឲ្យមនុស្សរាប់ពាន់នាក់ ត្រូវស្លាប់បាត់បង់ជីវិត បើសិនជារបបកុម្មុយនីស្ដមួយនេះ នៅតែបន្តគំរាមកំហែងដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ICBM។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងរបស់លោក Lindsey Graham បានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ ជាមួយស្ថានីយ៍ទូរទស្សន៍ NBC ដោយលោកបានបញ្ជាក់ថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រាប់រូបលោកថា សង្រ្គាមរវាងអាមេរិក និងក្រុងព្យុងយ៉ាង អាចនឹងផ្ទុះទ្បើង បើសិនណាជាពួកគេនៅតែបន្តព្យាយាមប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយការវាយប្រហារមីស៊ីល ICBM នោះ។
លោក Lindsey Graham បានបន្ថែមថា កម្លាំងយោធាអាមេរិក នៅតែជាជម្រើសមួយ ក្នុងការបំផ្លាញកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ឬក៏របបឯកាដាច់ស្រយាលមួយនេះ បំផ្លាញវាដោយខ្លួនឯង» ក្នុងនោះលោក ក៏បានអះអាងទៀតថា «ខ្ញុំពិតជាចង់ ដោះស្រាយបញ្ហានេះ តាមរយៈវិធានការការទូតណាស់ តែថាយើងមិនអាចអនុញ្ញាតឲ្យមីស៊ីល ដែលបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចមានសមត្ថភាពវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិកបាននោះទេ»៕
មតិយោបល់