ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ យោធាអាមេរិក ត្រៀម និងប្រុងជើងការរួចជាស្រេច ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដ៏រឹងមាំរបស់លោក ប្រឆាំងទៅនឹងកូរ៉េខាងជើង ចំពេលមានសង្គ្រាមវោហាសាស្ត្រដ៏ខ្លាំងក្លារវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ដោយបានព្រមានថា ដំណោះស្រាយយោធា ត្រូវបានត្រៀម និងប្រុងជើងការរួចជាស្រេច ប្រសិនបើមានសកម្មភាពបង្កហេតុណាមួយ ពីសំណាក់កូរ៉េខាងជើងនៅកោះហ្គាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសារចុងក្រោយរបស់លោក ត្រាំ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសុក្រ បានសរសេរថា «លោកសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងស្វែងរកផ្លូវមួយផ្សេងទៀត បន្ទាប់ពីរដ្ឋាភិបាលរបបនេះ បានគំរាមវាយប្រហារអាមេរិក ដោយកំណត់ទិសដៅនៅកោះហ្គាម។

សូមជំរាបថា តាមរយៈសង្គ្រាមវោហាសាស្ត្រ ដ៏ខ្លាំងក្លារវាងប្រទេសទាំងពីរ នៅក្នុងសមរភូមិដ៏គួរឲ្យព្រួយបារម្ភមួយនេះ កំពុងបង្កឲ្យមានការភ័យខ្លាចថា អាចនឹងផ្ទុះសង្គ្រាមនៅលើឧបទ្វីបកូរ៉េផងដែរ។

ក្រុមមន្រ្តីការពារជាតិ និងពួកអ្នកវិភាគយោធាអាមេរិក បាននិយាយថា ជម្លោះថ្មីៗជាមួយកូរ៉េខាងជើង ទំនងជានឹងអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលនាំឲ្យមានគ្រោះមហន្តរាយ ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

មតិយោបល់