ព័ត៌មានអន្តរជាតិ

ជប៉ុន ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃសៅរ៍នេះ បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot បន្ទាប់ពីមានការគំរាមបាញ់មីស៊ីលផ្លោងអន្តរទ្វីប ពីសំណាក់កូរ៉េខាងជើង ឆ្ពោះទៅមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម ក្នុងដែនសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កំពុងតែកើនឡើង បន្ទាប់ពីមានសង្គ្រាមវោហាសាស្ត្រ ដ៏ខ្លាំងក្លារវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។

ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុន បានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធ Patriot Advanced Capability-3 (PAC-3) នៅខេត្ត Shimane, ទីក្រុង Hiroshima និង Kochi ស្ថិតនៅភាគខាងលិចនៃប្រទេស បន្ទាប់ពីកូរ៉េខាងជើង បានព្រមានថា នឹងធ្វើការបាញ់កាំជ្រួចមីស៊ីលឆ្លងកាត់ដែនទឹកជប៉ុន។

ប្រភពដដែរ បានបញ្ជាក់ទៀតថា រថយន្តយោធាដឹកប្រព័ន្ធការពារមីស៊ីល និងឧបករណ៍ផ្សេងទៀត បានទៅដល់មូលដ្ឋានមួយរបស់ជប៉ុន នៅទីក្រុង Kochi មុនពេលថ្ងៃរះម៉្លេះ។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុន បានប្តេជ្ញាថា នឹងបាញ់ទម្លាក់គ្រាប់មីស៊ីល ឬរ៉ុកកែត ដែលវាយប្រហារពីសំណាក់កូរ៉េខាងជើង បើសិនជាវាបង្កការគំរាមកំហែងដល់ទឹកដីរបស់ខ្លួន៕

មតិយោបល់