ព័ត៌មានអន្តរជាតិ

គ្រោះរអិលបាក់ដីនៅប្រទេសសៀរ៉ាឡេអូន កំពុងមានការភ័យខ្លាចថា ស្លាប់មនុស្សរាប់រយនាក់

សៀរ៉ាឡេអូនៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា មនុស្សរាប់រយនាក់ ត្រូវបានគេព្រួយបារម្ភថា បានស្លាប់បន្ទាប់ពីការរអិលបាក់ដី នៅជាយរដ្ឋធានី Freetown នៃប្រទេសសៀរ៉ាឡេអូន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

អនុប្រធានាធិបតីលោក Victor Foh បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «វាទំនងជាមានមនុស្សរាប់រយនាក់ ត្រូវបានកប់នៅខាងក្រោមកម្ទេចកម្ទីថ្មី នៅកន្លែងកើតហេតុ បន្ទាប់ការរអិលបាក់ដី កាលពីថ្ងៃចន្ទ នៅទីប្រជុំជន Regent ស្ថិតក្នុងតំបន់ភ្នំមួយ» ដោយលោកបានបន្ថែមថា «អគារខុសច្បាប់មួយចំនួន ត្រូវបានសាងសង់ឡើង នៅក្នុងតំបន់ដែលរងការវាយប្រហារនេះ»។

ក្នុងនោះលោក បានអះអាងថា «គ្រោះមហន្តរាយនេះ ពិតជាធ្ងន់ធ្ងរណាស់ ដែលបានធ្វើឲ្យលោកព្រួយចិត្តជាខ្លាំង ហើយនៅពេលនេះ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះ និងជម្លៀសប្រជាជន ចេញពីតំបន់ដែលរងផលប៉ះពាល់នោះ។

តាមការបញ្ជាក់ពីអ្នកបច្ចេកទេសកន្លែងដាក់សពនៅឯមន្ទីរពេទ្យ Connaught របស់ទីក្រុង Freetown បានប្រាប់ភ្នាក់ងារ AFP ថា «មកទល់ពេលនេះ មានសាកសពមនុស្សជាង ៣០០ នាក់ហើយ ខណៈដែលឥទ្បូវនេះ នៅមានសាកសពជាច្រើនទៀត កំពុងដឹកចូលមកក្នុងមន្ទីរពេទ្យ»៕

មតិយោបល់