ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅប្រទេសសេរ៉ាឡេអូន សម្លាប់មនុស្សជាង ៤០០ នាក់

សេរ៉ាឡេអូនៈ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវ នៅក្នុងប្រទេសសេរ៉ាឡេអូន បានកើនឡើងដល់ជាង ៤០០ នាក់ហើយ ខណៈដែលមនុស្សរាប់រយនាក់ទៀត កំពុងបន្តបាត់ខ្លួននៅទ្បើយ ក្នុងរដ្ឋធានីដែលទទួលរងគ្រោះនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

មកទល់ពេលនេះ ការបញ្ចុះសពជនរងគ្រោះ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះ នៅតែបន្តធ្វើទ្បើងកាលពីថ្ងៃសុក្រ ចំពេលមានការគំរាមកំហែង នៃគ្រោះមហន្តរាយបន្ថែម។

អគ្គលេខាធិការសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លោក Elhadj As Sy បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា មនុស្ស ៤០៩ នាក់ហើយបានស្លាប់ បន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី វាយប្រហារនៅទីក្រុង Freetown កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោក Jens Laerke អ្នកនាំពាក្យប្រចាំការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសម្របសម្រួល និងកិច្ចការមនុស្សធម៌នៅទីក្រុងហ្សឺណែវ បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលក្ដីសង្ឃឹមចំពោះអ្នកបាត់ខ្លួនថា នៅរស់រានមានជីវិតកាន់តែតិចទៅៗ ជារៀងរាល់ថ្ងៃ៕

មតិយោបល់