អាមេរិក: បើយោងតាមរបាយការណ៍បានឲ្យដឹងថា ប្រពន្ធរបស់ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ៤៩ នាក់នៅក្លិបរាត្រីដែលស្រលាញ់ភេទដូចគ្នានៅទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក អាចប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងការជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី១៥ មិថុនានេះ។
ប្រភពបានដកស្រង់សម្តីដោយសារព័ត៌មាន Fox News និង Reuters បាននិយាយថា ព្រះរាជអាជ្ញាបានកោះប្រជុំគណៈកម្មការវិនិច្ឆ័យដើម្បីស៊ើបអង្កេតលោកស្រី Noor Salman ភរិយារបស់លោក Omar Mateen ដែលជាខ្មាន់កាំភ្លើងបានវាយប្រហារនៅក្លឹបរាត្រីស្រឡាញ់ភេទដូចគ្នា ។
លោកស្រីរូបនេះត្រូវបានគេរាយការណ៍ប្រាប់ប៉ូលិសថា នាងបានព្យាយាមនិយាយជាមួយប្តីរបស់នាងដែរ កុំឲ្យធ្វើការវាយប្រហារក្លិបរាត្រី Pulse នេះ។ វាយប្រហារនៅក្នុងរដ្ឋផ្លរីដានេះគឺការបាញ់សម្លាប់រង្គាលអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកចុងក្រោយនេះ។ មនុស្ស ៥៣នាក់បានរងរបួសនិងប្រាំមួយនាក់ផ្សេងទៀតស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
ព្រះរាជអាជ្ញាបានប្រាប់ឲ្យដឹងថា លោកស្រី Noor Salman កំពុងតែស្វែងរកចាប់ខ្លួនដែលបានជាប់ពាក់ព័ន្ធទៅនឹងករណីសម្លាប់មនុស្ស ៤៩នាក់ និង ករណីប៉ុនប៉ងមនុស្សឃាត ៥៣នាក់។
ប្រភពដកស្រង់សម្តីដោយ NBC News បានឱ្យដឹងថា ទោះជាយ៉ាងណា នាងបានព្យាយាមនិយាយជាមួយប្តីរបស់នាងឲ្យចាកចេញពីការវាយប្រហារនោះ។
អាជ្ញាធរបាននិយាយថា លោក Mateen មានអាយុ ២៩ឆ្នាំ ត្រូវបានគេសម្លាប់នៅពេលដែលប៉ូលិសបានវាយបំបែកក្លិបនេះដោយចោទថា លោកមានភក្ដីភាពទៅនឹងអ្វីដែលហៅថា រដ្ឋអ៊ិស្លាមជ្រុលនិយម (IS) ក្នុងអំឡុងពេលការវាយប្រហារនេះ។ គាត់បានទៅលេងក្លិបក្នុងលក្ខណៈជាភ្ញៀវច្រើនដងក្នុងរយៈពេលបីឆ្នាំមកហើយ ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មានភស្តុតាងថាលោក Mateen បានជាប់ទំនាក់ទំនងជាមួយក្រុមនៅខាងក្រៅណាមួយ ដូចជា IS ។ Mateen ជាពលរដ្ឋអាមេរិកដែលបានកើតនៅញូវយ៉ក ដែលឪពុកម្តាយរបស់គេគឺជាជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន។
សូមបញ្ជាក់ថា ម្សិលមិញនេះ លោកប្រធានាធិបតី អូបាម៉ាបានធ្វើដំណើរទៅកន្លែងកើតហេតុនៃការវាយប្រហារនៅទីក្រុង Orlando ដើម្បីចូលរួមកាន់ទុក្ខចំពោះជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ៕




មតិយោបល់