កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេចជ្ញាថា នឹងបាញ់មីស៊ីលហោះរំលងប្រទេសជប៉ុនបន្ថែមទៀត បើទោះបីជាសកម្មភាពបង្កហេតុរបស់លោក ត្រូវប្រឈមនឹងការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការព្រមានចាត់វិធានការក្ដៅៗ ពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
មីស៊ីលរយៈចម្ងាយមធ្យមឈ្មោះ Hwasong-12 ដែលក្រុងព្យុងយ៉ាង បានបាញ់បង្ហោះកាលពីថ្ងៃអង្គារនោះ បានបង្កភាពតានតឹង និងបញ្ហាប្រឈមកាន់តែខ្លាំងទ្បើង ជាមួយកម្មវិធីអាវុធរបស់ខ្លួន។
សូមជំរាបថា កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើងធ្លាប់បានគំរាមថា នឹងវាយប្រហារកាំជ្រួចមីស៊ីល ឆ្ពោះទៅកាន់មូលដ្ឋានយោធាអាមេរិក នៅកោះហ្គោម ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើក្រុងព្យុងយ៉ានហ៊ានបង្កហេតុណាមួយ មកលើសហរដ្ឋអាមេរិក នោះរដ្ឋាភិបាលនឹងចាត់វិធានការក្ដៅៗ តបតទៅវិញ។
ជុំវិញរឿងគឃ្លើនបាញ់មីស៊ីល ដោយរដ្ឋាភិបាលកូរ៉េខាងជើង កាលពីម្សិលមិញនេះ បានធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងជាលើកទី៧ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទថា «ទង្វើរបស់កូរ៉េខាងជើង មិនមែនគ្រាន់តែជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជៈឥទ្ធិពលដល់គ្រប់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិផងដែរ»៕
មតិយោបល់