អាមេរិកៈ អភិបាលរដ្ឋតិចសាស លោក ហ្គ្រេ អាប់បុត បាននិយាយថា «អ្វីដែលជាភាពអាក្រក់បំផុតនោះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ» សម្រាប់ភាគអាគ្នេយ៍នៃរដ្ឋអាមេរិក បន្ទាប់ពីការបំផ្លិចបំផ្លាញដោយសារព្យុះត្រូពិច Harvey។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
លោកបានបន្ថែមថា ភ្លៀងនៅតែបន្តធ្លាក់ចុះ ហើយទឹកជំនន់នៅតំបន់ខ្លះ អាចនឹងបន្តមានរហូតដល់រយៈពេលមួយសប្តាហ៍ទៀតឯណោះ។
សូមជំរាបថា មនុស្សជាង ២០ នាក់ហើយ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងតំបន់ផ្នែកធំៗជាច្រើននៃទីក្រុង Houston, Port Arthur និង Beaumont កំពុងជន់លិចដោយទឹកជំនន់។
មកទល់ពេលនេះ ព្យុះ Harvey បានផ្លាស់ប្តូរគោលដៅវាយប្រហាររបស់វាឆ្ពោះទៅកាន់រដ្ឋ Louisiana ដែលជាកន្លែងកំពុងមានការព្រមានអំពីគ្រោះទឹកជំនន់។
អភិបាលរដ្ឋតិចសាស បានិយាយថា មនុស្សជាង ៨,៥០០ នាក់ហើយ ត្រូវបានធ្វើការជួយសង្គ្រោះ ខណៈដែលជាង ៣២,០០០ នាក់ទៀត កំពុងស្ថិតនៅក្នុងជម្រកនៅទូទាំងរដ្ឋ។
គួរបញ្ជាក់ដែរថា សមាជិកឆ្មាំជាតិចំនួនមួយម៉ឺននាក់ កំពុងធ្វើដំណើរចូលរួមប្រតិបត្តិការជួយសង្គ្រោះនេះ ខណៈដែល ១៤,០០០ នាក់ទៀត ត្រូវបានដាក់គេពង្រាយរួមជាស្រេច ដើម្បីដោះស្រាយបញ្ហាគ្រោះមហន្តរាយនេះ៕
មតិយោបល់