ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បដិសេធមិនឲ្យក្រុមអ្នកសារព័ត៌មានកូរ៉េខាងត្បូង ចូលយកព័ត៌មានអំពីការរុះរើកទីតាំងនុយក្លេអ៊ែរ

កូរ៉េៈ ក្រសួងបង្រួបបង្រួមក្រុងសេអ៊ូល បាននិយាយថា ក្រុងព្យុងយ៉ាង នៅថ្ងៃច័ន្ទនេះ បានបដិសេធមិនទទួលបញ្ជីឈ្មោះអ្នកកាសែតកូរ៉េខាងត្បូង ដែលនឹងធ្វើជាសាក្សី សម្រាប់ការរុះរើទីតាំងសាកល្បងនុយក្លេអ៊ែររបស់ពួកគេនោះទេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមលោក Baik Tae-hyun បានប្រាប់សន្និសីទសារព័ត៌មានមួយថា ភាគីកូរ៉េខាងត្បូង បានព្យាយាមផ្ញើបញ្ជីឈ្មោះអ្នកកាសែត ដែលនឹងធ្វើជាសាក្សី សម្រាប់ការរុះរើកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង តាមរយៈបណ្ដាញទំនាក់ទំនង នៅភូមិព្រំប្រទល់ Panmunjom ប៉ុន្តែភាគីកូរ៉េខាងជើង បានបន្តបដិសេធការទទួលយកបញ្ជីឈ្មោះនោះ ដោយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ការចូលរួមរបស់អ្នកកាសែតកូរ៉េខាងត្បូង ក្នុងការទៅយកព័ត៌មានអំពីការរុះរើ ដែលបានគ្រោងទុកចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ។

ដោយក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹងមតិយោបល់របស់ក្រសួងបង្រួបបង្រួមនោះទេ។

កាលពីថ្ងៃទី១២ ខែឧសភា កូរ៉េខាងជើង បានអញ្ជើញអ្នកកាសែតមកពីប្រទេសចិន រុស្ស៊ី អាមេរិក និងកូរ៉េខាងត្បូងមកកាន់ប្រទេសខ្លួន ដើម្បីធ្វើជាសាក្សីដល់ការបិទទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-Ri ដែលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួនកន្លងមក។

ការបដិសេធរបស់កូរ៉េខាងជើង កើតមានបន្ទាប់ពីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចចរចាកម្រិតខ្ពស់ ជាមួយក្រុងសេអ៊ូល កាលពីសប្តាហ៍មុន បន្ទាប់ពីការខឹងសម្បាររឿងធ្វើសមប្រយុទ្ធ រវាងកូរ៉េខាងត្បូង និងអាមេរិក៕

មតិយោបល់