ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា ការចរចាមិនអាចដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើងបាននោះទេ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានប្រកាសថា ការចរចាមិនមែនជាការឆ្លើយតបទៅនឹងការប្រឈមមុខដាក់គ្នា រវាងកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែប្រមុខការពារជាតិរបស់លោក បានអះអាងថា ជម្រើសការទូតនៅតែមាន ខណៈដែលរុស្ស៊ីទាមទារភាគីពាក់ព័ន្ធមានការអត់ធ្មត់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងរបស់លោក ត្រាំ បានធ្វើទ្បើងមួយថ្ងៃ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោង ហោះរំលងប្រទេសជប៉ុន ដែលបានធ្វើឲ្យមានថ្កោលទោសពីអន្ដរជាតិផងដែរ។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ដែលបានលើកទ្បើងថា «តើអាមេរិកធ្លាប់មានដំណោះស្រាយការទូត ជាមួយកូរ៉េខាងជើងដែរទេ ចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីការសាកល្បងមីស៊ីលជាបន្តបន្ទាប់ ពីសំណាក់ក្រុងព្យុងយ៉ាងនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានឆ្លើយថា «ពុំមាននោះទេ» ។

ដោយលោក Mattis បាននិយាយមុនពេលកិច្ចប្រជុំ ជាមួយសមភាគីកូរ៉េខាងត្បូង នៅឯមន្ទីរបញ្ចកោណថា «អាមេរិកមិនធ្លាប់មានដំណោះស្រាយការទូត ជាមួយកូរ៉េខាងជើងនោះទេ ប៉ុន្តែតែជម្រើសការទូត គឺនៅតែមាន ព្រោះថាអាមេរិក នឹងបន្តធ្វើការរួមគ្នា ដើម្បីការពារប្រជាជាតិ និងផលប្រយោជន៍របស់ខ្លួន»៕

មតិយោបល់