ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងព្រមានថា នឹងធ្វើឲ្យអាមេរិកឈឺចាប់បំផុត ប្រសិនអន្តរជាតិដាក់ទណ្ឌកម្មថ្មី ប្រឆាំងរបបខ្លួន

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃចន្ទនេះ បានព្រមានថា ខ្លួននឹងធ្វើឲ្យអាមេរិកមានការឈឺចាប់ និងទុក្ខវេទនាដ៏ខ្លាំងបំផុត បើសិនជាក្រុងវ៉ាស៊ីនតោន នៅតែបន្តជំរុញអង្គការសហប្រជាជាតិ រឹតបន្តឹងការដាក់ទណ្ឌកម្មថ្មី លើប្រទេសខ្លួន បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ

សូមជំរាបថា កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ កូរ៉េខាងជើង បានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនមួយ ដែលបានធ្វើឲ្យមានការរិះគន់ យ៉ាងខ្លាំងពីពិភពលោក និងបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ រៀបចំកិច្ចពិភាក្សាលើសេចក្តីព្រាងទណ្ឌកម្មថ្មីមួយ ដែលត្រូវបានដាក់ដោយអាមេរិក ក្នុងគោលបំណងដើម្បីប្រឆាំងនឹងរបបមួយនេះ។

បច្ចុប្បន្នអាមេរិក កំពុងអំពាវនាវឲ្យមានការហាមឃាត់ការនាំចេញប្រេង និងបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយថែមទាំងបញ្ចប់នូវការនាំចេញវាយនភ័ណ្ឌ និងការចំណាយដល់កម្មករកូរ៉េខាងជើងទៀតផង។

គួរបញ្ជាក់ដែរថា ក្រុងវ៉ាស៊ីនតោន ចង់ឲ្យក្រុមប្រឹក្សាសន្តិសុខបោះឆ្នោត នៅថ្ងៃចន្ទនេះ ដើម្បីដាក់ទណ្ឌកម្ម បើទោះបីជាការជំទាស់ពីសំណាក់ក្រុងប៉េកាំង និងក្រុងមូស្គូទៅលើវិធានការថ្មីនេះក៏ដោយ៕

មតិយោបល់