ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បង្កើត​កង​ឯក​ភាព​ពិសេស Spartan 3000 ដើម្បីវាយប្រហារ និងធ្វើឃាតលោក គីម ជុងអ៊ុន

កូរ៉េៈ ឧត្តមសេនីយ៍កូរ៉េខាងត្បូង ដែលចូលនិវត្តន៍ម្នាក់ បាននិយាយនៅសប្តាហ៍នេះថា ក្រសួងការពារជាតិខ្លួន បានរៀបចំឡើងនូវកងកម្លាំងពិសេសថ្មីមួយ ដែលមានឈ្មោះថា Spartan 3000 ដើម្បីបំភ័យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឲ្យមានការព្រួយបារម្ភអំពីជីវិតរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Spunitk ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមកងកម្លាំងពិសេសនេះ ត្រូវបានគេកំណត់គោលដៅ ទៅលើការវាយប្រហារកម្ទេច​ទីតាំង​យោធា​សំខាន់ៗ ​នៅខាង​ក្រោយ​ខ្នង​កូរ៉េខាងជើង​ ក្នុង​អំឡុង​ពេលប៉ះ​ទង្គិច​គ្នា និងការធ្វើឃាតលោក គីម សម្រាប់រយៈពេលមួយ ជាមួយនឹងស្ថានភាព ដ៏សមគួរបំផុត។

កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅ លោកគីម ក៏ធ្លាប់មានការព្រួយបារម្ភម្ដងហើយ អំពីការប៉ុនប៉ងធ្វើឃាតខ្លួន ទើបបានសម្រេចចិត្តបញ្ឈប់ការបើករថយន្ត ដែលជាចំណង់ចំណូលចិត្តរបស់លោក ដើម្បីជៀសវាងពីការធ្វើឃាតកនេះ ហើយថែមទាំងបានបញ្ជាឲ្យយោធា និងមន្រ្តីចារកម្មជាន់ខ្ពស់ប្រទេសខ្លួន ស៊ើបអង្កេតទៅលើប្រតិបត្តិការ នៃក្រុមកងកម្លាំងពិសេសនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាកូរ៉េខាងត្បូង លោក Lee Cheol-woo បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយថា «លោក គីម នៅពេលនេះ កំពុងជាប់រវល់ជាមួយនឹងការប្រមូលព័ត៌មាន អំពីប្រតិបត្តិការរបស់កងកម្លាំងពិសេសយើង តាមរយៈភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោក»។

សូមជំរាបថា ដោយសារសមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចម្រើនខ្លាំងទ្បើង ជាមួយនឹងការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីជាបន្តបន្ទាប់ ទើបធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន កំពុងតែសម្លឹងមើលនូវប្រតិបត្តិការកងកម្លាំងពិសេសដ៏ខ្លាំងក្លារបស់ខ្លួន ដើម្បីតបតជាមួយរបបមួយនេះ៕

មតិយោបល់