អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោន បានរៀបចំរួចជាស្រេច ដើម្បីដោះស្រាយបញ្ហានឹងកូរ៉េខាងជើង ដោយកម្លាំងយោធាផ្ទាល់ខ្លួន ប្រសិនបើចាំបាច់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។
ការព្រមានរបស់លោក ត្រាំ បានកើតឡើងនៅពេលក្រុមកម្លាំងវាយប្រហារជើងទឹកអាមេរិក បានដឹកនាំឆ្ពោះទៅកាន់ ឧបទ្វីបកូរ៉េ ដែលជំរុញឲ្យកូរ៉េខាងជើង រឹតតែបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងថែមទាំងបានប្រកាសថា ក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេច ប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ជាមួយប្រទេសខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ការចល័តកម្លាំងទ័ពជើងទឹករបស់អាមេរិកនេះ ជាទង្វើឈ្លានពានកូរ៉េខាងជើង ហើយនឹងឈានដល់ដំណាក់កាល ធ្ងន់ធ្ងរកាន់តែខ្លាំងទ្បើង»។
មន្ត្រីជាន់ខ្ពស់សេតវិមាន បាននិយាយថា «ក្រុមនាវាពិឃាដ USS Carl Vinson រួមបញ្ចូលទាំងយន្តហោះចម្បាំងធំជាងគេបំផុតក្នុងលោក Nimitz Class របស់អាមេរិក បានឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ នៅសប្តាហ៍នេះ ក្នុងគោលបំណងឆ្លើយតបនឹងឥរិយាបទបង្កហេតុរបស់ក្រុងព្យុងយ៉ាង ដើម្បីលុបបំបាត់ការគំរាមកំហែង អាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ»។
ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើឲ្យអាមេរិកព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចនឹងបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប ដោយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយ ដែលមានសមត្ថភាព ហោះដល់ដីគោកអាមេរិក។
គួរបញ្ជាក់ដែរថា កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបជាថ្មីម្ដងទៀត នៅថ្ងៃទី១៥ ខែមេសានេះ ចំខួប ១០៥ ឆ្នាំនៃស្ថាបនិករដ្ឋកុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាងបានប្រារព្ធពិធីធ្វើវាជារៀងរាល់ឆ្នាំ៕
មតិយោបល់